Register Already an agent ? Login

ភ្ញៀវទេសចរជិត ៣០ម៉ឺននាក់ បានដើរកម្សាន្តទូទាំងប្រទេស ខេត្តព្រះសីហនុទទួលបានច្រើនជាងគេជិត ៦ម៉ឺននាក់

ភ្នំពេញ៖ ចលនាភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២៩៧,៤០២នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៨,៦៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៨,៧២១នាក់ បានដើរកម្សាន្តទូទាំងប្រទេស ក្នុងប្រចាំសប្តាហ៍ថ្ងៃទី២-០៣ ខែកក្កដា ឆ្នាំ២០២២។ បើតាមរបាយការណ៍ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍បានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -ខេត្តព្រះសីហនុ ៥៤,៦០៨នាក់, -ខេត្តសៀមរាប ៤៦,៦២០នាក់, -ខេត្តបាត់ដំបង ៤០,៤១៩នាក់, -ខេត្តកំពត ៣៩,៨៧៩នាក់, -ខេត្តកែប ១៦,១៨៧នាក់, -រាជធានីភ្នំពេញ ១៥,៦៥៣នាក់, -ខេត្តពោធិ៍សាត់ ១២,៧៦៩នាក់, -ខេត្តកំពង់ស្ពឺ ១១,០៩៧នាក់។

តួលេខខាងលើ មានការថមថយប្រមាណ ៦,៧៣% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលនៅរដូវភ្លៀងចលនាទេសចរផ្ទៃក្នុងតែងមានការថមថយជាធម្មតា។ បើតាមការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោក បានលើកឡើងបន្តថា ប៉ុន្តែគោលដៅទេសចរណ៍នៃខេត្តព្រះសីហនុ នៅតែជាគោលដៅពេញនិយមដែលទទួលបានភ្ញៀវទេសចរផ្ទៃក្នុងច្រើនជាងគេ ខណៈដែលខេត្តសៀមរាប ក៏បានទទួលភ្ញៀវទេសចរច្រើនផងដែរបន្ទាប់ពីមានបើកដំណើរការរមណីយដ្ឋានសំខាន់មួយចំនួន និងការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសជាបន្តបន្ទាប់។

ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) បានភ្ជាប់ជើងហោះហើរពីខេត្តសៀមរាប ទៅខេត្តព្រះសីហនុ និងទៅខេត្តដាណាងប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ជាមួយការកំរើកឡើងវិញនូវអ្នកឆ្លងជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំក្រើនរម្លឹកដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)