Register Already an agent ? Login

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី មាន១២១គម្រោង និងគម្រោងអាទិភាព ១៦គម្រោង

មណ្ឌលគិរី៖ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ចក្ខុវិស័យក្របខណ្ឌអនុវត្តរយៈពេលវែង (២០២១-២០៣៥) ដោយឈរលើចក្ខុវិស័យសំខាន់ចំនួន៤ និងកំណត់ទិសដៅយុទ្ធសាស្ត្រអាទិភាពសំខាន់ៗចំនួន៦ ចែកចេញជាសកម្មភាពអនុវត្តចំនួន ១២១គម្រោង និងមានគម្រោងអាទិភាពចំនួន១៦ និងមានក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ២៨អង្គភាព ជាអ្នកទទួលខុសត្រូវអនុវត្ត។ បើតាមការថ្លែងឱ្យដឹងពី លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍។

ការថ្លែងខាងលើរបស់ លោក ជុក ជំនោរ ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) នៅក្នុងធីផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម) កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

លោក ជុក ជំនោរ បានថ្លែងឱ្យដឹងថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានកំណត់ចក្ខុវិស័យក្របខណ្ឌអនុវត្តរយៈពេលវែង (២០២១-២០៣៥) ដោយឈរលើចក្ខុវិស័យសំខាន់ចំនួន៤៖

ទី១-ខេត្តមណ្ឌលគិរីត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

ទី២-ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុកនឹងកើនឡើងដល់ប្រមាណ ២លាននាក់ បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន ២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

ទី៣-រួមចំណែកធ្វើឱ្យភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរីជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

ទី៤-រក្សាតុល្យភាពឱ្យបានម៉ឺងម៉ាត់រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

លោក ជុក ជំនោរ បានថ្លែងបន្តថា ផែនការមេនេះកំណត់អាទិភាពសំខាន់ៗ ដែលរួមមាន៖

១-របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ ដែលអនុញ្ញាតឱ្យមានតែការវិនិយោគ និងអភិវឌ្ឍសកម្មភាពទេសចរណ៍ ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន។

២-របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ដែលលើកទឹកចិត្តការអភិវឌ្ឍតែសកម្មភាពអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ភ្ជាប់ជាមួយវប្បធម៌ជនជាតិដើមភាគតិច។

៣-ក្រុងសែនមនោរម្យ ដែលជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង។

៤-តំបន់ស្រុកអូររាំង ភ្ជាប់ជាមួយការអភិវឌ្ឍព្រលានយន្តហោះមណ្ឌលគិរី ដែលអាចអភិវឌ្ឍជាតំបន់រណបភ្ជាប់ជាមួយក្រុងសែនមនោរម្យ។

៥-តំបន់ប្រជុំជននៃស្រុកកោះញែក ដែលមានសក្តានុពលក្នុងការរៀបចំអភិវឌ្ឍជាមណ្ឌលទេសចរណ៍នាពេលអនាគត ហើយដែលការអភិវឌ្ឍមានវិសាលភាពទូលាយជាងក្នុងតំបន់អភិរក្ស។

៦-តំបន់ទេសចរណ៍សមាហរណតាមច្រកព្រំដែន ដែលអនុញ្ញាតឲ្យមានការអភិវឌ្ឍជារមណីយដ្ឋានសមាហរណ។ល។

នាឱកាសនោះដែរ លោក ថោង ខុន បានគូសបញ្ជាក់ថា «ផែនការមេនេះនឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូល។ ពិសេសរួមចំណែកធ្វើឱ្យតំបន់ភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការប្រែក្លាយភូមិភាគឦសាននេះជាប៉ូលសេដ្ឋកិច្ចទី៤ ពិសេសពាក់ព័ន្ធនឹងបញ្ហាកសិ-ឧស្សាហកម្ម និងធនធានរ៉ែ ដែលបន្តិចទៀតនេះ លេខាធិការដ្ឋាន នឹងរំលេចលម្អិតបន្ថែមក្នុងបទបង្ហាញ»។

លោក ថោង ខុន ថ្លែងថា បើគិតត្រឹមតែវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីមានភាពខ្លាំង និងអំណោយផលដល់ការអភិវឌ្ឍជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តឱ្យបានច្រើន និងមកច្រើនដង បង្កើតនិងបង្កើនការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។

សក្តានុពលនៃតំបន់អភិរក្ស និងដែនជម្រកសត្វព្រៃទាំង ៥ក្នុងខេត្តមណ្ឌលគិរី ដែលមានទំហំជាង ១លានហិកតា គឺជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ និងដែលមានលក្ខណៈប្រហាក់ប្រហែលនឹងតំបន់អារ៉ែងនៃជួរភ្នំក្រវាញខាងត្បូង (ភាគនិរតីនៃប្រទេស) ដែលត្រូវបានចាត់ទុកជាតំបន់ព្រៃត្រូពិកចុងក្រោយដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍។ បើតាមការថ្លែងបន្ថែមរបស់ លោក ថោង ខុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)