Register Already an agent ? Login

សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥% ក្នុងឆ្នាំ២០២២ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

ភ្នំពេញ៖ សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ យោងតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

នៅក្នុងរបាយការណ៍ បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock បានបង្ហាញថា ឆមាសទី១ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ប៊ីលានដុល្លារ គឺកើន ២៦% ​ធៀបទៅនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២១។

បើតាមរបាយការណ៍នេះ បានគូសបញ្ជាក់ថា វិស័យប្រពៃណីដែលជំរុញកំ​ណើនសេដ្ឋកិច្ច មានកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិង​ស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្ម​ផលិតថ្មីៗ ដូចជា​ផ្នែកផលិតបរិក្ខារអគ្គិសនី និង​គ្រឿងបន្លាស់រថយន្តជាដើមកំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមេរិកក៏កំពុងតែស្ទុះឡើងវិញដែរ។

ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិង​ការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញពីការធ្លាក់ចុះក្នុងសម័យមានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណាដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ បើតាមការបន្តនៅក្នុងរបាយការណ៍ខាងលើ។

បើតាមការរបាយការណ៍ដដែល បានលើកឡើងថា ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និង​ស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជាគ្រួសារក្រីក្រនឹងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជា​ត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣% នៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ត្រូវបន្ត ចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។

នៅក្នុងដំណាក់កាលមធ្យមសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងមានកំណើនជាមធ្យម ៦% ក្នុង១ឆ្នាំ ដោយសារអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិ​យោគ និងការធ្វើពាណិជ្ជកម្ម ផង។ បើតាមរបាយការណ៍ដដែល បានផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនដែលអាចជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។

អនុសាសន៍នោះរួមមាន៖ ភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់និងវិនិយោគិន ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម ហើយនិងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។

ក្នុងរបាយការណ៍នេះ ក៏មានការវិភាគជាពិសេស លើភាពរអាក់រអួលនៅក្នុងខ្សែច្រ​វាក់ផ្គត់ផ្គង់ក្រោយសម័យកូវីដ-១៩។ ផ្នែកពិសេសនេះ បានស្នើឡើងនូវយុទ្ធសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយថ្លៃចំណាយទៅលើឡូហ្ស៊ីស្ទិក (Logistics)។ វាក៏បានសង្កត់ធ្ងន់ដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើន​សមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម​របស់ខ្លួន និងពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ចាំបាច់ត្រូវធ្វើតាមបែបអភិក្រមជាលក្ខណៈប្រព័ន្ធមួយ ដែលមានវិសាលភាពទៅហួសពីតម្រូវការឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ​រូបវន្តទៅទៀត។

តាមការវិភាគបានបន្តថា ចាំបាច់ត្រូវមានកិច្ចខិតខំបន្តទៀតក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល តាមរយៈការតាមដានមើល​​ប្រសិទ្ធភាពរបស់ច្រកទ្វារ​និងផ្លូវធ្វើពាណិជ្ជកម្មសំខាន់ៗ ពង្រីក​ «កម្មវិធីពាណិជ្ជករឆ្នើម» (“Best Trader scheme”) ឱ្យបានទូលំទូលាយទៅក្នុងផ្នែក​ឡូហ្ស៊ីស្ទិក រៀបចំផែនការធុរកិច្ច​រយៈពេលវែងមួយសម្រាប់គមនាគមន៍ផ្លូវដែក និង​ការបង្កើតកម្មវិធី “ឃ្លាំមើលតាមផ្លូវ” (“ROADWATCH”) ដែលជាបណ្តាញហត់ឡាញមួយសម្រាប់ពាណិជ្ជករ និង​ពលរដ្ឋ​រាយការណ៍អំពីសកម្ម​ភាព​មិនប្រក្រតីនានា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)