Register Already an agent ? Login

លោក គង់ សោភ័ណ្ឌ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង១ខ្សែ ២ពាន់មែត្រ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម

កណ្ដាល៖ ផ្លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រ ទទឹង៩ម៉ែត្រ នៅភូមិបារាជ និងភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

នៅក្នុងពិធីសម្ពោធផ្លូវនេះ គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា ការ​កសាង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរ ដែល​ជួយ​​សម្រួល​ដល់​លំហូរដោយ​សេរី​គ្រប់​ផ្នែក​ទាំង​អស់​លើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិត របស់បងប្អូនប្រជាពលរដ្ឋ។

លោក បានថ្លែងបន្តថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។

លោក អភិបាលខេត្តបានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាល បានយកធនធានមនុស្សជាអាទិភាព នៅគ្រប់ដំណាក់កាល នៃយុទ្ធសាស្ត្រចតុកោណ ជាពិសេសនៅក្នុងដំណាក់កាលទី៣ និងទី៤នេះ រាជរដ្ឋាភិបាល បានកំណត់យក «ធនធានមនុស្ស» ជាអាទិភាពទី១ ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ មាន ផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ និងមានសន្តិភាព។

ទោះបីក្នុងបរិការនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើសកលលោក និងតំបន់ក្ដី ក៏ប្រទេសកម្ពុជា នៅតែមានការអភិវឌ្ឍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ប្រកបដោយភាពរីកចម្រើន និងគម្លាតសុវត្ថិភាពសង្គមស្របតាមគោលនយោបាយការអភិវឌ្ឍតាមបែបលទ្ធិ ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគោលនយោបាយផ្ការីក(បរិយាប័ន្ន និងចីរភាព) បើតាមការថ្លែងបន្ថែមរបស់ ​លោក គង់ សោភ័ណ្ឌ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)