Register Already an agent ? Login

CDC បានអនុម័តគម្រោងវិនិយោគ ៤៧គម្រោង ក្នុងត្រីមាសទី១ ទុនសរុបជាង ២ពានលានដុល្លារ កើនជាង១៤%

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន ៤៧គម្រោង ទុនវិនិយោគសរុប ២,៥២០.៦លានដុល្លារ បានកើនឡើង ១៤,២% ធៀបនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។

នៅក្នុងបាយការណ៍របស់ក្រសួងសដ្ឋកិច្ចបានបន្តថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង បានកើនឡើង ១៥គម្រោង ស្មើនឹង ៥៣,៦% និងទុនវិនិយោគសរុបចំនួន ២,២១៩.៤លានដុល្លារ បានកើនឡើង ២១០,៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។

គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានត្រឹមតែ ៤គម្រោងប៉ុណ្ណោះ ធ្លាក់ចុះ ៧៥% ដែលមានទុនវិនិយោគសរុបចំនួន ៣០១.១៨លានដុល្លារ ធ្លាក់ចុះ ៧៩,៨% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២១។​

ការវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស គាំទ្រដោយគម្រោងវិនិយោគលើមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង វារីអគ្គិសនី រោងចក្រផលិតសំបកកង់យានយន្ត សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ កសិដ្ឋានដាំដំណាំចេកនិងដំណាំហូបផ្លែផ្សេងៗទៀត រោងចក្រដំឡើងរថយន្ត និងមន្ទីរពហុព្យាបាល។

ក្នុងឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងវិនិយោគនានាឡើងវិញ បន្ទាប់ពីមានបញ្ហារយៈពេលពេល២ឆ្នាំកន្លងមកនេះ ហើយរំហូរទុនវិនិយោគពីបរទេស ក៏ឃើញថា ចាប់ផ្ដើមមានកំណើនឡើងវិញផងដែរ។ តាមរយៈការអនុម័តគម្រោងវិនិយោគថ្មីៗនិងរំហូរទុនវិនិយោគ នៅដើមឆ្នាំ២០២២នេះ កម្ពុជារំពឹងថា ចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ការវិនិយោគក្នុងប្រទេសនឹងទទួលបានកំណើនឡើងវិញ ទាំងគម្រោងវិនិយោគ និងរំហូរទុនវិនិយោគ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)