Register Already an agent ? Login

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ សិក្សាស្វែងយល់វិនិយោគនៅកម្ពុជា ពិសេសចាប់អារម្មណ៍ អំពីសក្តានុពលខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក Sylvain Adoue អនុប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន SCA បានដឹកនាំប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ជួបពិភាក្សាជាមួយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍថ្មីៗរបស់ខេត្តព្រះសីហនុ។

ជំនួបកិច្ចពិភាក្សានេះ ធ្វើឡើងពីកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ តំណាង លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូ IFC និងក្រុមការងារជំនាញមកកាន់ខេត្តព្រះសីហនុ និងបានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ការអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិ-ឧស្សាហកម្ម សំណង់ អចលនទ្រព្យ និងកំពង់ផែទឹកជ្រៅ។

ក្នុងជំនួបនោះ លោក ឡុង ឌីម៉ង់ បានលើកឡើងពី អំពីផ្លូវសូត្រពាណិជ្ជរបស់ខេត្តព្រះសីហនុ គឺខេត្តមាត់ច្រក ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់វែងជាងគេក្នុងទូទាំងប្រទេសដែលមានប្រវែង ៣.៤០០ម៉ែត្រ មានកំពង់ផែសមុទ្រអន្តរជាតិ មានផ្លូវដែក និងជាពិសេសមានផ្លូវល្បឿនលឿនដែលមានប្រវែង ១៩០គីឡូម៉ែត្រតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ។

ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដីចក្ខុវិស័យឆ្នាំ២០៣០។ បើតាមការលើកឡើងបន្តរបស់ លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា «ការអភិវឌ្ឍខេត្តព្រះសីហនុធ្វើឡើងប្រកបដោយចីរភាព តាមរយៈការប្រែក្លាយទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក»។

លោក អភិបាលរងខេត្តរូបនេះ បានលើកឡើងបន្ថែមថា ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបច្ចេកទេសទំនើប ដែលមានសុខដុមនីយកម្មជាមួយបរិស្ថានរស់នៅល្អប្រសើរ។

ឡែកការវិនិយោគរបស់ក្រុមហ៊ុន AEON MALL Cambodia LOGIPLUS Co,LDT សាងសង់ឃ្លាំងស្តុបទំនិញលើផ្ទៃដី ៣ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ បានបង្ហាញពីការតភ្ជាប់នៃការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងការជឿជាក់របស់ក្រុមហ៊ុនអន្តរជាតិលើសុខសន្តិភាពរបស់ប្រទេសកម្ពុជា។ បើតាមការលើកពីទឡ្ហីករណ៍ របស់ លោកអភិបាលរងខេត្តដដែល។

ស្ថិតក្នុងបរិយាកាសនោះ លោក Sylvain Adoue និងក្រុមការងារអ្នកជំនាញ IFC បានថ្លែងអំណរគុណ លោកអភិបាលរងខេត្តព្រះសីហនុ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងស្វែងយល់ឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ។

 លោក Sylvain Adoue បានលើកឡើងថា ដោយសាររយៈពេលពីរឆ្នាំកន្លងមកនេះយើងមានការប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ធ្វើឱ្យរាំងស្ទះដំណើរការចង្វាក់ផលិតកម្ម ក៏ដូចជាការអភិវឌ្ឍផ្សេងៗទៀត។

លោក បានគូសបញ្ជាក់ថា យើងសង្ឃឹមថាក្រោយពីចប់កូវីដ-១៩ យើងនឹងចាប់ដៃគូរសហការឱ្យបានឆាប់រហ័សតាមអ្វីដែលយើងអាចធ្វើទៅបាន។ តាមរយៈកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ យើងនឹងមានឱកាសពិភាក្សាការងារជាច្រើនទៀតនៅពេលខាងមុខផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)