Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧គ.ម ពីបាត់ដំបងទៅកោះកុង សម្រេចបានជិត ៦៥%

បាត់ដំបង៖ វឌ្ឍនភាព គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង ១៩៧,៣៦គីឡូម៉ែត្រ តភ្ជាប់ពីខេត្តបាត់ដំបង (សំឡូត-វាលវែង-អូរសោម) ដល់កោះកុង គិតមកទល់ពេលនេះ សម្រេចបាន ៦៤,៣៣% គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារ។

លោក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

គម្រោងផ្លូវនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨.៣៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលរដ្ឋចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពាន ចំនួន ២៣កន្លែង ប្រវែង ១៧២១.៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ ៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងផ្លូវនេះ មានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប ៦៥.៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ។

ផ្លូវនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេសនិងជាមួយតំបន់ រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស ហើយនិងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

ផ្លូវនេះ លាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង ផ្លូវនេះមិនត្រឹមតែផ្តល់ អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។

គួររម្លឹកថា គម្រោងផ្លូវនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)