Register Already an agent ? Login

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងប្រវែង ១៣៥គ.ម កណ្ដាល-ពោធិ៍សាត់នៅសល់២០% នឹងបញ្ចប់នៅចុងឆ្នាំ២០២៣

កណ្ដាល៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង មានប្រវែង ១៣៥.២៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ ២៤៦.៣៥លានដុល្លារ គិតរហូតមកទល់ពេលនេះសម្រេចបាន ៨០%ហើយ គ្រោងបញ្ចប់ នៅចុងឆ្នាំ២០២៣។ បើតាមការចុះពិនិត្យ របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការចុះពិនិត្យ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ ដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Katahira & Engineer International Joint Venture with Oriental Consultant Global។

បើតាមសៀវភៅបន្ទុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារ។

ការងារស្ថាបនាត្រូវបានបែងចែកជា ៣ផ្នែកធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ មានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២គន្លង ទៅ៤គន្លង ទទឹង ២៣ម៉ែត្រ មានប្រវែងសរុប ៣០៤គីឡូម៉ែត្រ ក្រាលជំនួសដោយបេតុងកៅស៊ូ (AC) និងមានសួរច្បារកណ្តាល។

នាឱកាសចុះពិនិត្យនោះ លោក ស៊ុន ចាន់ថុល បានអំពាវនាវសូមសុំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសុំកុំលើកដីផ្ទះខ្ពស់ជាងផ្លូវ ធ្វើឱ្យទឹកហូរលើផ្លូវនាំឱ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែង លក់ដូរ បង្កឱ្យមានការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ និងមិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដោយច្បាប់ជាដើម។

បន្ថែមពីលើនេះ លោក បានអំពាវនាវសុំឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ធ្វើឱ្យមានការលំបាកដល់យុទ្ធនាការកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើង។

លោក រដ្ឋមន្តី្រ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកថវិកាទាំងប្រាក់កម្ចី ទាំងថវិកាជាតិ និងជំនួយឥតសំណងមកកសាងប្រព័ន្ធផ្លូវថ្នល់របស់យើង ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនមានតម្លៃថោក អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញវិនិយោគិនមក ដាក់ទុននៅកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋធ្វើ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)