Register Already an agent ? Login

ប្រទេសអាស៊ាន ៨ប្រទេសថ្លែងការណ៍រួម សន្យាស្តារនិងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្តារ និងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (CATA) ជួយសម្រួលដល់ការអភិវឌ្ឍ ទីផ្សារអាកាសចរណ៍អាស៊ានតែមួយ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី «សេវាកម្ម និងផែនការមេនៃសេវាកម្មនាវាចរណ៍ផ្លូវអាកាសអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើគ្រប់វិស័យ រួមទាំងមនុស្ស និងការអភិវឌ្ឍ សមត្ថភាពស្ថាប័នគំរូនៃការប្រើប្រាស់និងផលិតកម្មប្រកបដោយនិរន្តរភាព»។

រដ្ឋមន្ត្រីដឹកជញ្ជូនតំណាងប្រទេសនីមួយៗ ក៏បានយល់ព្រមក្នុងការបង្កើនការចែករម្លែកព័ត៌មានរវាងរដ្ឋ និងឧស្សាហកម្ម និងបង្កើតសំណុំវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពទូទៅដើម្បីធានាបាននូវកម្រិតខ្ពស់បំផុតនៃសុវត្ថិភាពស្របតាមស្តង់ដារ និងការអនុវត្តដែលបានណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

ប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំកំពូល Changi Aviation Summit 2022 (CAS) និងជាអនុលេខាក្រសួងដឹកជញ្ជូនសិង្ហបុរី លោក Kevin Shum បានលើកឡើងពីសម្ដីរបស់ MOT ថា នៅពេលដែលពិភពលោកបានធូរស្បើយពីជំងឺរាតត្បាត COVID-19 យើងកំពុងមើលឃើញថាការធ្វើដំណើរតាមផ្លូវអាកាសមានភាពល្អឡើងវិញ។

លោក បានបន្តថា កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi ផ្តល់នូវវេទិកាទាន់ពេលវេលាសម្រាប់មេដឹកនាំអាកាសចរណ៍ពិភពលោក អ្នកបង្កើតគោលនយោបាយ និងនាយកប្រតិបត្តិអាកាសចរណ៍ជាន់ខ្ពស់ដើម្បីមករួមគ្នា និងប្តេជ្ញាធ្វើឱ្យប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិរស់ឡើងវិញប្រកបដោយសុវត្ថិភាព និរន្តរភាព និងរួមបញ្ចូល។

ជាមួយគ្នានេះ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា នៅពេលដែលប្រទេសនានាជុំវិញពិភពលោកបន្តបន្ធូរបន្ថយការរឹតបន្តឹងលើជំងឺកូវីដ-១៩ កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi ចាប់ផ្តើមនៅក្នុងជំពូកថ្មីនៃការអភិវឌ្ឍរួមសហប្រតិបត្តិការនិងនិរន្តរភាពនៅក្នុងតំបន់ ហើយកម្ពុជាមានអំណរគុណចំពោះឱកាសនេះក្នុងការចូលរួមក្នុង CAS។ លោក បានបន្តថា កម្ពុជា ប្តេជ្ញាសហការជាមួយដៃគូ និងអ្នកពាក់ព័ន្ធនៅកម្រិតសកល ថ្នាក់តំបន់ ថ្នាក់ជាតិ និងមូលដ្ឋាន ដើម្បីសម្រួលដល់ការចាប់ផ្តើមឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi Aviation Summit (CAS) ដែលរៀបចំរួមគ្នាដោយក្រសួងដឹកជញ្ជូនសិង្ហបុរី (MOT) និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាព្រឹត្តិការណ៍អាកាសចរណ៍ដ៏សំខាន់ដំបូងគេ បានធ្វើឡើងនៅក្នុងតំបន់ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

កិច្ចប្រជុំនេះ មានវត្តមានមេដឹកនាំអាកាសចរណ៍ពិភពលោកជាង ៣០០នាក់ និងនាយកប្រតិបត្តិអាកាសចរណ៍ជាន់ខ្ពស់មកពីជាង ៤៥ប្រទេស បានចូលរួមកិច្ចប្រជុំនៅប្រទេសសិង្ហបុរី មានរយៈពេលពីរថ្ងៃធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត Sands ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២៕

ដោយ៖ មឿន ឌីណា (Moeun Dyna)