Register Already an agent ? Login

ក្រុមហ៊ុនឯកជន គ្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិលើដីទំហំ ៣០៨ហិកតា ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង

កោះកុង៖ ក្រុមហ៊ុនឯកជន ទទួលបានការអនុញ្ញាតឱ្យជួលដីទំហំ ៣០៨ហិកតា ស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្តឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ បើតាមរដ្ឋបាលខេត្តកោះកុង។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង និងលោក ខូវ សូវៀត ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយនិងអាជ្ញាធរស្រុក ឃុំ ដែលបានចុះពិនិត្យសិក្សាទីតាំងជាក់ស្តែងលើដីស្នើជួលខាងលើ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ បើតាមការបន្តរបស់ រដ្ឋបាលខេត្តកោះកុង។

ក្រោយការចុះពិនិត្យទីតាំងជាក់ស្តែង ក្រុមការងារបានជួបប្រជុំ និងបានសម្រេចដូចខាងក្រោម៖

១-ជារួម អង្គប្រជុំគាំទ្រឱ្យមានការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹង ធម្មជាតិ ប៉ុន្តែត្រូវគិតគូរឱ្យបានហ្មត់ចត់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះលក្ខខណ្ឌ បទដ្ឋានបច្ចេកទេស, ២-ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវតំបន់ ដែលត្រូវអភិវឌ្ឍន៍ និងតំបន់ដែលត្រូវអភិរក្សការពារ ជាលក្ខណៈធម្មជាតិនៅក្នុងតំបន់។

៣-ស្នើឱ្យក្រុមហ៊ុនរៀបចំផែនការលម្អិត របស់គម្រោងវិនិយោគ ដាក់ជូនក្រសួងបរិស្ថាន ប្រជុំ ពិនិត្យ និងសម្រេចតាមនីតិវិធី, ៤-ត្រូវគោរពទៅតាមគោលការណ៍ណែនាំ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីច្បាប់ជាធរមាន ត្រូវដោះស្រាយផលប៉ះពាល់នានា ជាមុនសិន(ប្រសិនបើមាន) មុនធ្វើការអភិវឌ្ឍ។

៥-ត្រូវចូលរួមការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ដោយមិនត្រូវឱ្យមានបទល្មើស ធនធានធម្មជាតិនានា កើតមាននៅក្នុងទីតាំងវិនិយោគរបស់ខ្លួន, ៦-ត្រូវសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងបរិស្ថាន អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងគ្រប់អ្នកពាក់ព័ន្ធ។

៧-ម្ចាស់គម្រោងត្រូវគិតគូរឱ្យបានហ្មត់ចត់ រៀបចំឱ្យមានផែនការគ្រប់គ្រង និងយន្តការនានា ក្នុងការគ្រប់គ្រងសំណល់រឹង-រាវ ចាប់ពីអនុវត្តគម្រោងរហូតដល់ប្រតិបត្តិការគម្រោង, ៨-រាល់ការសាងសង់សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវសូមច្បាប់អនុញ្ញាតសាងសង់តាមនីតិវិធីច្បាប់។

គូសបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង តែងតែសាទរ និងគាំទ្រចំពោះក្រុមហ៊ុន ដែលចាប់អារម្មណ៍លើការជួលដីវិនិយោគរៀបចំបង្កើតតំបន់ទេចរណ៍ធម្មជាតិ នៅក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃការអភិរក្សធនធានធម្មជាតិ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)