Register Already an agent ? Login

៤ខែឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ១៧.៦ពាន់លានដុល្លារ កើនជាង ២.៣ពាន់លានដុល្លារ

ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា រយៈពេល ៤ខែដើមឆ្នាំ២០២២ មានទឹកប្រាក់សរុប ១៧,៦៤៩លានដុល្លារ កើនឡើងជាង ២.៣ពាន់លានដុល្លារ ធៀបនឹង៤ខែឆ្នាំ២០២១ ក្នុងនោះការនាំចេញមានទឹកប្រាក់ ៧,៦០៦លានដុល្លារ កើនឡើង៣២.១% និងការនាំចូលមានទឹកប្រាក់ ១០,០៤៣លានដុល្លារ កើនឡើង ៥.៤ភាគរយ។

បើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅអាមេរិកក្នុងតម្លៃ ២.៩ពាន់លានដុល្លារ កើនឡើង ៥៣.៦ភាគរយ វៀតណាម ៩៧៧លានដុល្លារ កើនឡើង ៥ភាគរយ ចិន ៤២៣ លានដុល្លារ ថយចុះ ០.១ភាគរយ។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ទំនិញសំខាន់ដែលកម្ពុជា បាននាំចេញរួមមាន សម្លៀកបំពាក់ ក្នងតម្លៃជាង ២.៨ពាន់លានដុល្លារ កើនឡើងជាង ៦០០លានដុល្លារ, ស្បែកជើងចំនួន ៥៧០លានដុល្លារ កើនឡើង ៣៧.៩ភាគរយ, វត្ថុធ្វើពីស្បែក និងរោមសត្វតម្លៃ ៦៧២លានដុល្លារ កើនឡើង ៥៤.៤ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ៥០៤លានដុល្លារ កើនឡើង៥៧.១%។

ជាមួយគ្នា ក៏មានផ្លែឈើ ៣៤៩លានដុល្លារ កើនឡើង ២០.៥ភាគរយ, ធញ្ញជាតិ ៤៩៥លានដុល្លារថយចុះ ៦.២ភាគរយ, យាន ក្រៅពីអយស្ម័យយាន ៣៣៥លានដុល្លារ កើនឡើង ៥៩.៩ភាគរយ ,គ្រឿងសង្ហារឹម ២៣០លានដុល្លារ កើនឡើង៥៧.៧ភាគរយ, វត្ថុធាតុប្លាស្ទីក ១៥៨លានដុល្លារ កើនឡើង ២៨.៥ភាគរយ។

កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ១៤៩លានដុល្លារ កើនឡើង ១៦.៥ភាគរយ, ឈើ និងធ្យូងឈើ ១១៥លានដុល្លារ កើនឡើង ១៤.៥ភាគរយ, បន្លែ ២៤៥លានដុល្លារ កើនឡើង ៣៣.៥ភាគរយ, គុជខ្យង និងត្បូងមានតម្លៃ ១១៤លានដុល្លារ កើនឡើង ១,៧៤២ភាគរយ រួមនឹងផលិតផលមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)