Register Already an agent ? Login

រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមានប្រជាពលរដ្ឋ ១០០គ្រួសារ ឱ្យរុះរើសំណង់ដែលចូលទន្រ្ទានខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងដល់ប្រជាពលរដ្ឋ​ ១០០គ្រួសារ ដែលបានមកសាងសង់រោង ខ្ទមដោយខុសច្បាប់ និងកាប់រុករានទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ត្រូវរុះរើសំណង់និងចេញជាបន្ទាន់ ក្នុងរយៈពេល ៧ថ្ងៃ។

នៅក្នុងសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដែលចុះហត្ថលេដោយ លោក ប៊េង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ លេខ១៧៤ឥ/២២ សជណ.ខពស បានបញ្ជាក់ថា «ផុតកំណត់រយៈពេលជូនដំណឹងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល ចុះរុះរើរោង ខ្ទម ដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិនោះទេ ក្នុងករណីបងប្អូនប្រជាពលរដ្ឋណារឹងរូស ឬប្រឆាំងតបត ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន»។

បើតាម រដ្ឋបាលខេត្តបានលើកឡើងថា សកម្មភាពដែលបងប្អូនប្រជាពលរដ្ឋ កំពុងតែសាងសង់រោង ខ្ទម កាប់ គាស់ រុករានទន្ទ្រានដីព្រៃដាំដុះ នៅលើទីតាំងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺជាអំពើខុសច្បាប់។

រដ្ឋបាលខេត្តបានបន្តថា ដើម្បីធានានូវការគ្រប់គ្រងធនធានធម្មជាតិ ការពារ ថែរក្សា អភិរក្សព្រៃឈើ សត្វព្រៃ ឱ្យបានគង់វង្ស រដ្ឋបាលខេត្តពោធិ៍សាត់ បានអំពាំវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់រោង ខួមប្រក់កៅស៊ូតង់ កាប់គាស់ រុករានទន្ទ្រានដីព្រៃ ដាំដំណាំ និងស្នាក់នៅ នៅចំណុចស្ទឹងខៀវ ចំណុចជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវធ្វើការរុះរើរោង ខ្ទម ដោយខ្លួនឯង និងចាកចេញពីទីតាំងនោះជាបន្ទាន់។

រដ្ឋបាលខេត្ត ទុករយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឱ្យបងប្អូនរុះរើរោង ខ្ទម ដោយខ្លួនឯង និងបញ្ឈប់រាល់សកម្មភាព កាប់គាស់ រុករានទន្ទ្រានដីព្រៃ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មិនមានដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំដីប្រើប្រាស់ តាមរយៈអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តសាមី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)