Register Already an agent ? Login

មន្ទីរដឹកជញ្ជូនខេត្តមណ្ឌលគិរី កំពុងជួសជុលផ្លូវលេខ៧៦ ប្រវែង២០០គ.ម ដែលរងការខូចខាតជាច្រើនកន្លែង

មណ្ឌលគិរី៖ ផ្លូវលេខ៧៦ ប្រវែងប្រមាណ ២០០គីឡូម៉ែត្រ មន្ទីរសាធារណការ និងដឹកញ្ជូនខេត្តមណ្ឌលគិរី កំពុងជួសជុលកែលម្អឡើងវិញ ដែលរងការខូចខាតជាច្រើនកន្លែង។ បើតាមការថ្លែងរបស់ប្រធានមន្ទីរដឹកញ្ជូនខេត្តមណ្ឌលគិរី លោក រស់ គីមធន បានបញ្ជាក់ ការកែលម្អឡើងវិញនេះ ឆ្លើយតបទៅនឹងកំណើនភ្លៀវទេសចរ ដែលធ្វើដំណើរកម្សាន្តក្នុងខេត្តភូមិភាគឦសាន្តមួយនេះ។

លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានលើកឡើងបន្តថា ក្រុមការងារជំនាញបានបង្កើនសកម្មភាពចុះជួសជុលផ្លូវ និងកាត់សម្អាតព្រៃអមសងខាងផ្លូវជាតិ ជាពិសេសផ្លូវជាតិលេខ៧៦ ចាប់ពីព្រំប្រទល់ខេត្តក្រចេះ ដល់ព្រំប្រទល់ខេត្តរតនគិរី លែងមានជង្ហុកសំបុកមាន់ទៀតហើយ។

ក្រុមការងារជំនាញ បានបន្ស៊ីស្នាមប្រេះសម្អាតចិញ្ចើមថ្នល់ សម្អាតប្រឡាយទឹក ថែទាំបង្គោលសុវត្ថិភាព រួមមានបង្គោលបង្ហាញផ្លូវកោង បង្គោលគីឡូម៉ែត្រ ស្លាកសញ្ញាមួយចំនួន ដែលមានព្រៃឈើបាំង ដោយបានធ្វើសកម្មភាពជាប្រចាំរៀងរាល់ថ្ងៃ។ បើតាមការបន្តរបស់ លោក រស់ គីមធន បានបន្តទៀតថា គម្រោងទាំងនេះ ជាគម្រោងថែទាំជាប្រចាំ គឺកាត់បន្ថយនូវការខូចខាតផ្លូវប្រភេទតូចៗ ដើម្បីបង្ការកុំឱ្យប្រជាពលរដ្ឋបើកបរម៉ូតូ ឬរថយន្ត ជួបប្រទះគ្រោះថ្នាក់ជាយថាហេតុ។

លោក ប្រធានមន្ទីរបានបន្ថែមថា ចំណែកគម្រោងមួយទៀតគឺ គម្រោងថែទាំខួប ដែលគម្រោងនេះផ្តោតសំខាន់ទៅលើកំណាត់ផ្លូវណាដែលមានភាពទ្រុឌទ្រោមខ្លាំង រមួល ស្រុតប៉ោង មានបញ្ហាដល់គ្រឹះជ្រៅ ដោយត្រូវកាត់ជួសជុលវាឡើងវិញជាកំណាត់ៗ ទៅតាមស្ថានភាពរបស់ផ្លូវថ្នល់ ដើម្បីកែលម្អតួថ្នល់ សោភណ្ឌភាពផ្លូវ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ព្រោះនៅពេលដែលផ្លូវមានបញ្ហា រមួល ឬស្រុតខ្លាំង អ្នកដំណើរបើកបរលឿនអាចកើតមានគ្រោះថ្នាក់ នឹកស្មានមិនដល់។

គូសបញ្ជាក់ថា ផ្លូវជាតិលេខ៧៦ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំនុចផ្លូវបំបែកស្រុកស្នូល ខេត្តក្រចេះ រហូតដល់ចំណុចតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៨ ស្រុកលំផាត់ ខេត្តរតនគិរី មានប្រវែង ២៩៩គីឡូម៉ែត្រ។

ផ្លូវនេះ ស្ថិតក្រោមការគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី ប្រមាណជិត ២០០គីឡូម៉ែត្រ បានជួយធ្វើឱ្យជីវភាពប្រជាពលរដ្ឋធូរធារមួយកម្រិត ដ្បិតការដឹកជញ្ជូនកសិផលបានទាន់ពេល ហើយភ្ញៀវទេសចរអាចឆ្លងកាត់បានយ៉ាងងាយស្រួល៕

ដោយ៖ មឿន ឌីណា (Moeun  Dyna)