Register Already an agent ? Login

រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនដំណឹងដល់ពលរដ្ឋ រុះរើសំណង់លើកំណាត់ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត

បន្ទាយមានជ័យរដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ ​បាន​ជូនដំណឹងដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួលបាន​សំណង​ពី​ផលប៉ះពាល់​ពី​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ផ្នែក​ចុងបញ្ចប់​) ស្ថិតនៅ​ចំណុច​ក្រុង​សិរីសោភ័ណ ដល់ក្រុង​ប៉ោយប៉ែត ត្រូវ​រុះរើ​សំណង់​នានា​ដែល​បាន​សាងសង់​នៅលើ​ចំណីផ្លូវ​ជាតិ​នេះ ឱ្យបាន​មុន​ការស្ថាបនា​ផ្លូវ​បានមកដល់​។

នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ចុះហត្ថលេដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលទើបតែចេញថ្មីៗនេះ បានបញ្ជាក់ថា «នេះជាការជូនដំណឹងលើកទី២ ក្នុងករណី សាធារណជន អាជីវករ ក្រុមហ៊ុន អង្គភាព​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទាំងអស់​មិន​គោរព​តាម​ការជូនដំណឹង​នេះ រដ្ឋបាលខេត្ត មិន​ទទួល​ខុសត្រូវ​រាល់​ការខូចខាត និង​ការបាត់បង់​ផលប្រយោជន៍រ​បស់បង​ប្អូន​ឡើយ​»​។

តាម​សេចក្តី​ជូនដំណឹង​លើក​ទី​២ របស់​រដ្ឋបាល​ខេត្ដ​បន្ទាយមានជ័យ បានលើកឡើងថា អាជីវកម្ម ក្រុមហ៊ុន អង្គភាព ពាក់ព័ន្ធនានា និងប្រជាពលរដ្ឋទាំងអស់ដែលបានសាងសង់សំណង់ផ្សេងៗដូចជា៖

ស្លាក​យីហោ ផ្ទះសំបែង តូប​លក់ដូរ និង សម្ភារ ឧបករណ៍​ដែល​ប្រើប្រាស់​លើដី និង​ក្រោម​ដី នៅលើ​ចំណី​ផ្លូវជាតិ​លេខ​៥ ដែល​រង​ផលប៉ះពាល់ ​ដោយសារ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ផ្នែក​ចុងបញ្ចប់​) សិរីសោភ័ណ​ប៉ោយប៉ែត បច្ចុប្បន្ន ​រដ្ឋបាលខេត្ត​បាន​ពិនិត្យឃើញថា ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​រុះរើ​សំណង់​ផ្សេងៗ​រួចហើយ ប៉ុន្តែ​បងប្អូន​មួយចំនួន​តូច​ពុំទាន់​រុះរើ​នៅឡើយ​ទេ ទោះ​ទទួលបាន​សំណង​រួច​ហើយក្ដី​។

បើតាម​ក្រសួង​សាធារណការ និងដឹកជញ្ជូន កំណាត់​ផ្លូវជាតិ​លេខ៥ ដែលជា​កំណាត់​ចុងក្រោយ តភ្ជាប់​ពី​ក្រុង​សិរីសោភ័ណ ​ទៅដល់​ក្រុង​ប៉ោយប៉ែត ​មាន​ប្រវែង ៣៥គីឡូម៉ែត្រ បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខែមេសា ឆ្នាំ​២០២២ ដោយ​គ្រោង​ប្រើ​ថវិកា​ប្រមាណ ៥០លាន​ដុល្លារ​ ដែលជា​ឥណទាន​សម្បទាន​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)