Register Already an agent ? Login

ផ្លូវបេតុង១ខ្សែ ប្រវែងជិត២ពាន់មែត្រ នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានដាក់ឱ្យប្រើប្រាស់ផ្លូវការ

សៀមរាប៖ ផ្លូវបេតុង១ខ្សែប្រវែង ១,៨៧០ម៉ែត្រ តភ្ជាប់ពីផ្លូវបេតុងរបស់រដ្ឋបាលខេត្ត ដែលធ្វើឡើងកាលពីឆ្នាំ២០១៨ ស្ថិតនៅជុំវិញភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ដោយបានដាក់ឈ្មោះ ផ្លូវបេតុង ព្រះតេជគុណ ហាប់ ចយ ភ្នំក្រោម ស៊ូវ៉ុន បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ បើតាមរដ្ឋបាលខេត្តសៀមរាប។

នៅក្នុងពិធីខាងលើ លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានមានប្រសាសន៍ឱ្យដឹងថា ផ្លូវបេតុងប្រវែងជិត ២០០០ម៉ែត្រនេះ ត្រូវបានផ្តួចផ្តើមឡើងដោយព្រះតេជគុណ ហាប់ ចយ ចៅអធិការវត្តភ្នំក្រោម កាលពីព្រះអង្គនៅមានព្រះជន្ម បានរួមសាមគី្គគ្នាជាមួយអាជ្ញាធរ និងទីក្រុងស៊ូវ៉ុននៃសាធារណរដ្ឋកូរ៉េ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយអស់ចំណាយថវិកាសរុបប្រមាណ ២៨០,៥០០ដុល្លា។

លោក ម៉ៃ សាមេត បានមានប្រសាសន៍បន្តថា ផ្លូវនេះបានតភ្ជាប់ផ្លូវបេរុង ដែលសាងសង់ឡើងដោយរដ្ឋបាលខេត្ត ជុំវិញជើងភ្នំក្រោមមានប្រវែងសរុប ៣,០៧០ម៉ែត្រ ព្រមទាំងបានដាក់ភ្លើងអំពូលសូឡាអមផ្លូវចំនួន ១៣៧បង្គោល និងប្រព័ន្ធលូកាត់ផ្លូវ ក្នុងគោលដៅបម្រើដល់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋផងដែរ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានគូសបញ្ជាក់ថា សមិទ្ឋផលផ្លូវ ១ខ្សែនេះពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេងរួមចំណែកបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៍ដូចជាសាធារណជនទូទៅស្របតាមផែនការរបស់រដ្ឋបាលក្រុង និងរដ្ឋបាលខេត្តតែងតែចាត់ទុកបញ្ហាផ្លូវជាអាទិភាពចម្បង។ លោក បានបន្តថា និងស្របតាមសូចនាករនៃគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោក អភិបាលក្រុងសៀមរាប បានបន្ថែមថា ផ្លូវជាឆ្អឹងខ្នង ជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ ជាពិសេសរួមចំណែកលើកស្ទួយជីវភាពរស់នៅ និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀននិងដឹកជញ្ជូនផលកសិផលផ្សេងៗ។

នាឱកាស លោក ​អភិបាលក្រុងសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ជាចំណងដៃដ៍ថ្លៃថ្លាថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្រុងសៀមរាប។

លោក នួន ពុទ្ធារ៉ា គូសបញ្ជាក់ទៀតថា សមិទ្ធិផលទាំងនោះបានជួយកែលំអរសោភណ្ឌភាពទីក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបឆ្លាតវៃ ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់ តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)