Register Already an agent ? Login

ផ្លូវបេតុង ៥ខ្សែប្រវែងជាង ២គ.ម ចំណាយថវិកាជាង ៥០ម៉ឺនដុល្លារ នៅខេត្តបន្ទាយមានជ័យ បានបើកការដ្ឋានសាងសង់

បន្ទាយមានជ័យ៖ ​លោក កែ​ គឹមយ៉ាន ​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ៥ខ្សែប្រវែងជាង ២០០០ម៉ែត្រ ដែលគ្រោងចំណាយថវិកាជាង ៥០ម៉ឺនដុល្លារ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី​៦​ ខែ​ឧសភា​ ឆ្នាំ​២០២២។

នៅក្នុងពិធីខាងលើ លោក កែ គឹមយ៉ាន បានថ្លែងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺអភិវឌ្ឍប្រទេសប្រកបដោយចិរភាព កសាងសង្គមកម្ពុជាឱ្យកាន់តែទំនើប និងប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ លោក បានបញ្ជាក់ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៤ “មនុស្ស ផ្លូវ ភ្លើង ទឹក” ដែលមាននៅក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ដំណាក់កាល។

លោក បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័បណ្តាញគមនាគមន៍​ អគ្គិសនី​ត្រូវបានតភ្ជាប់ពីទីប្រជុំជនទៅកាន់តំបន់ជនបទ ព្រំដែន និងភូមិឃុំដាច់ស្រយាល ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចរាចរទំនិញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

លោក កែ គឹមយ៉ាន បានលើកឡើងបន្តថា ការកសាងប្រព័ន្ធគមនាគមន៍ គឺជាបង្កើតសសៃឈាមសេដ្ឋកិច្ចសម្រាប់ វិស័យដឹកជញ្ជូនពហុមធ្យោបាយ តភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងអភិវឌ្ឍរបៀងសេដ្ឋកិច្ចគន្លឹះឱ្យកាន់តែមានលក្ខណៈងាយស្រួលនិងប្រកួតប្រជែង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍ប្រជាពលរដ្ឋ។

ដូចនេះការបើកការដ្ឋាន កសាងផ្លូវបេតុងចំនួន ៥ខ្សែ ប្រវែងជាង ២០០០ម៉ែត្រ នៅស្រុកភ្នំស្រុកនៅព្រឹកនេះ នឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលនានារបស់ខេត្តបន្ទាយមានជ័យ ក្នងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមូលដ្ឋាន បង្កើនល្បើនក្នុងការធ្វើដំណើរ ដឹកជញ្ជូន និងបានតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចនានា។ បើតាមការគូសបញ្ជាក់របស់ លោក កែ គឹមយ៉ាន។

នាឱកាសនោះ លោក កែ គឹមយ៉ាន ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី និងសុខសន្តិភាព  បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ នៅតាមមូលដ្ឋាន និងថែរក្សា ជួសជុលបណ្តាញគមនាគមន៍ដែលមានស្រាប់ និងកំពុងរងការខូចខាត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)