Register Already an agent ? Login

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគៀងគរក្រុមហ៊ុនថាមពលរបស់អាមេរិក មកវិនិយោគបន្ថែមនៅកម្ពុជា

ភ្នំពេញ៖ ​លោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានថ្លែងបញ្ជាក់ «ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) នឹងគៀងគរក្រុមហ៊ុនថាមពលរបស់សហរដ្ឋអាមេរិក មកបន្ថែមការវិនិយោគនៅកម្ពុជា»។

នៅក្នុងជំនួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០២២ លោក Michael W. Michalak បានមានប្រសាសន៍ថា ជាការកត់សម្គាល់កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងវិស័យថាមពល បូករួមទាំងប្រេងនិងឧស្ម័នផងដែរ។

នាឱកាសនោះ លោក Michael W. Michalak បានសម្តែងនូវការសារទរ និងគាំទ្រដល់ក្រសួងរ៉ែនិងថាមពល ក្នុងនាមជាប្រធាននៃកិច្ចប្រជុំថាមពលអាស៊ានឆ្នាំ២០២២ ដែលក្នុងភាពជាប្រធាននេះ ក្រសួងបានជ្រើសរើសយកមូលបទ «ការបង្កើនល្បឿនអន្តរកាលថាមពល ដើម្បីការស្តារសេដ្ឋកិច្ចនិងកំណើនដោយចិរភាព» មកពិភាក្សា ដែលស្របទៅនឹងការវឌ្ឍននិងបច្ចេកវិទ្យាថាមពលនាពេលបច្ចុប្បន្ន និងអនាគត។

ក្នុងជំនួបពិភាក្សាការងារនេះ លោក ស៊ុយ សែម បានថ្លែងអំណរគុណចំពោះការគាំទ្រនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ចំពោះកម្ពុជា និងស្វាគមន៍រាល់ការ វិនិយោគរបស់ភាគីអាមេរិក ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុនថាមពលរបស់អាមេរិក។

បើតាមជំនួបពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ -សក្តានុពលពង្រីកស្ថានីយប្រេង និងលទ្ធភាពវិនិយោគស្ថានីយសាកអាគុយរថយន្តអគ្គិសនី នៅកម្ពុជា, -វឌ្ឍនភាពនៃការរៀបចំគោលនយោបាយអភិវឌ្ឍថាមពលកម្ពុជា, -ការពង្រឹងកិច្ចសហប្រតិបត្តិការស្វែងរុករកប្រេង និងឧស្ម័នបន្ថែម។

និងឱកាសសហការដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល រួមមាន ការពង្រឹងនិងបង្កើនស្តង់ដារបណ្តាញបញ្ជូនអគ្គិសនី ការគ្រប់គ្រងថាមពលនិងប្រព័ន្ធសន្សំសំចៃថាមពល ជាដើម, -ឱកាសវិនិយោគថាមពលស្អាត និងថាមពលកកើតឡើងវិញ, -ការគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស ជំនួយហិរញ្ញវត្ថុនិងកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំវ័យក្មេង។

ជំនួបខាងលើនេះ មានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្រុមហ៊ុន Chevron ក្រុមហ៊ុន Conocco Phillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Meta ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Roche ក្រុមហ៊ុន Amazon និងក្រុមហ៊ុន 3M ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)