Register Already an agent ? Login

លោក ស៊ុន ចាន់ថុល ដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងស្ពានបេឡេត៍១កន្លែង នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល

កណ្ដាល៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអារមេមួយខ្សែប្រវែង ៨៨៥ម៉ែត្រ និងស្ពានបេឡេត៍១កន្លែង ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពិថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងពីធីខាងលើ លោក ស៊ុន ចាន់ថុល បានថ្លែងថា ពីសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល បានផ្ដល់ជូនប្រជាពលរដ្ឋនៅស្រុកកោះធំ ដែលរួមមានផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់កោះធំ ផ្លូវលេខ១១០ មន្ទីរពេទ្យតេជាសែនកោះធំ មណ្ឌលសុខភាព ផ្លូវបេតុងជាច្រើនខ្សែ និងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

លោក ទេសរដ្ឋមន្រ្តី បានថ្លែងឱ្យដឹងអំពីគម្រោងបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវពេលយប់តាមបណ្ដាញផ្លូវបេតុងដែលបានសាងសង់រួច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបានសន្តិសុខសុវត្ថិភាពផងដែរ។

នាឱកាសនោះ លោក បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នប្រទេស បានបើកដំណើរការសេដ្ឋកិច្ច សង្គមទាំងស្រុងឡើងវិញ តាមរយៈការសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងបង្ការបានច្រើនជាងគេលំដាប់ទីពីរ នៅក្នុងពិភពលោក។

បន្ទាប់ពីកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងស្ពានមួយកន្លែងនាពេលនេះ លោក ស៊ុ​ ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីធានាគុណភាពសំណង់ស្របតាមកិច្ចសន្យាដែលមានចែងនៅក្នុងសៀវភៅបន្ទុក ហើយគិតរហូតមកទល់ពេលនេះ ការសាងសង់សម្រេចបាន ៣៣,៥៨%ហើយ គ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន០៣ខ្នង ១.អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣,៥១៤.៨ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣,៥១៤.៨ម៉ែត្រការ៉េ និងជាន់ទី២មានទំហំ ៣,៥១៤.៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០,៥៤៤.៤ ម៉ែត្រការ៉េ។ ២.អគារខាងឆ្វេង ចំនួន ១ខ្នង មាន២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មាន ទំហំ ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ម៉ែត្រការ៉េ។ ៣.អគារខាងស្តាំចំនួន១ខ្នង មាន២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ម៉ែត្រការ៉េ។

អគារទាំង៣ ខាងលើមានទំហំសរុបស្មើនឹង ១២,៥៤៤.៤ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន ១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល គ្រោងចំណាយពេលសាងសង់ចំនួន ១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅខែធ្នូ ឆ្នាំ២០២២ខាងមុខ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)