Register Already an agent ? Login

កម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក លើផ្នែកការរចនាពន្លាជាតិ ក្នុងចំណោមប្រទេសចំនួន៤៥

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ប្រាក់ពិភពលោក ១គ្រឿង ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ BIE លើផ្នែកការរចនាពន្លាជាតិ បានល្អជាងគេក្នុងសង្កាត់និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោមប្រទេសចំនួន៤៥ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់នោះ។ បើតាមការថ្លែងបញ្ជាក់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បានថ្លែងបន្តថា នេះជាលើកទី២ ដែលកម្ពុជាមានកិត្តិយសបានទទួលពានរង្វាន់ប្រាក់នេះ បន្ទាប់ពីបានទទួលពានរង្វាន់ប្រាក់លើកដំបូងពីការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

លោក រដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ឱ្យដឹងថា ពានរង្វាន់នេះ ធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងសុក្រឹត ដោយផ្អែកលើការរៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃផ្អែកលើទិដ្ឋភាពរួមចំនួន៣ រួមមានគឺ៖ ១.ស្ថាបត្យកម្ម និងទស្សនីយភាព ២.ការរចនាពន្លាជាតិ និង ៣.ការបកស្រាយប្រធានបទ។

លោក បានមានប្រសាសន៍ ដោយមោទកភាពថា ពានរង្វាន់នេះជាស្នាដៃមួយដែលមានតម្លៃជាប្រវត្តិសាស្រ្ត ហើយបានបញ្ជាក់ពីការទទួលស្គាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាបានល្បីល្បាញជាសកល តាមរយៈការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនានា ព្រមទាំងនាំមកនូវមោទកភាពជូនជាតិក្នុងការចូលរួមពិព័រណ៍ពិភពលោក ឆ្នាំ២០២០ ឌុយបៃ។

គួសបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការកម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ កាលពី៤ ខែឧសភាឆ្នាំ២០២២ បានអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ។

គួររំឭកផងដែរថា កម្ពុជា ធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន៤ លើករួចមកហើយ ក្នុងការចូលរួមពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ក្នុងនោះពិព័រណ៍ពិភពលោក ឆ្នាំ២០០៥ នៅទីក្រុងអាយជី ប្រទេសជប៉ុន, ពិព័រណ៍ពិភពលោក ឆ្នាំ២០១០ នៅទីក្រុងសៀងហៃ ប្រទេសចិន, ពិព័រណ៍ពិភពលោក ឆ្នាំ២០១៥ នៅទីក្រុងមីទ្បង់ ប្រទេសអ៊ីតាលី និងពិព័រណ៍ពិភពលោក ឆ្នាំ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម។

នៅឆ្នាំ២០២៥ខាងមុខ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives”៕

ដោយ៖ មឿន ឌីណា (Moeun Dyna)