Register Already an agent ? Login

មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តតម្លៃ ១៥០០លានដុល្លារ បានបើកការដ្ឋានសាងសង់

កំពត៖ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងនៅខេត្តកំពតម្លៃ​ ១៥០០លានដុល្លារ បានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិចង្ហោន សង្កាត់ ព្រែក ត្នោត ក្រុងបូកគោ ខេត្តកំពត។

គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា ៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០លានដុល្លារ ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០លានដុល្លារ។ បើតាមការថ្លែងឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងពិធីខាងលើ។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេស ចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

លោក ទេសរដ្ឋមន្រ្តីបានថ្លែងបន្តថា ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ អាចឱ្យនាវាចំណុះ ១០០.០០០តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០TEU នៅក្នុងឆ្នាំ២០៣០។

លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃការសិក្សាលម្អិត គម្រោងវិនិយោគនេះឋិតទីតាំងដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសក្តានុពលខ្ពស់សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ដោយមានកត្តាអំណោយផលពីធម្មជាតិរួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។

មិនតែប៉ុណ្ណោះ ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។ បើតាមការថ្លែងបន្តទៀត របស់ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុលបានថ្លែងបន្ថែមថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែ ពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា៖ កំពង់ ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

លោក បានបន្ថែមទៀតថា ជាងនេះទៅទៀត គម្រោងនេះនឹងចូលរួមចំណែកផងដែរក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនិង ភស្តុភារកម្ម និងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។

លោក ក៏បានបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់។ និងពិភពលោក ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)