Register Already an agent ? Login

វិនិយោគផ្ទាល់បរទេសលើវិស័យអចលនទ្រព្យនៅកម្ពុជា កូរ៉េខាងត្បូងឈរលើគេ២៧% លេខ២សិង្ហបុរី២៣% លេខ៣ចិន១០%

ភ្នំពេញ៖ វិនិយោគផ្ទាល់ពីបរទេសលើវិស័យអចលនទ្រព្យ មានទឹកប្រាក់សរុបប្រមាណ ២០,៣ទ្រីលានរៀល (៤,៩ប៊ីលានដុល្លារ) ​ក្នុងឆ្នាំ២០២១ ក្នុងនោះប្រទេសកូរ៉េខាងត្បូងឈរលើគេ ២៦,៥% លេខ២សិង្ហបុរី ២៣,០% លេខ៣ចិន ១០,៧% លេខ៤ជប៉ុន ៩,៨% និងលេខ៥ បានទៅលើម៉ាឡេស៊ី ០,៧%។ បើតាមរបាយការណ៍រូមគ្នារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា។

នៅក្នុងបាយការណ៍រួមគ្នានេះ បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១ វិនិយោគផ្ទាល់បរទេសនៅកម្ពុជានៅបន្តមានភាពរឹងមាំ មានទឹកប្រាក់វិនិយោគ ១៦៨,៨ទ្រីលានរៀល (៤១ប៊ីលានដុល្លារ) កើនឡើង ១១,២%  ធៀបនឹងចុងឆ្នាំ២០២០ ដែលគាំទ្រដោយវិនិយោគពី ចិន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ជប៉ុន និងម៉ាឡេស៊ី ក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងភោជនីយដ្ឋាន កសិកម្ម និងសំណង់។

បើតាមរបាយកាណ៍ដដែលបានបញ្ជាក់ថា ប្រទេសវិនិយោគសំខាន់ៗរួមមាន ប្រទេសចិន ៧៤,០ទ្រីលានរៀល ប្រមាណ ៤៣,៩%, ប្រទេសកូរ៉េខាងត្បូង ២០,១ទ្រីលានរៀល ប្រមាណ ១១,១%, ប្រទេសសិង្ហបុរី ១០,៩ទ្រីលានរៀល ប្រមាណ ៦,៥%, ប្រទេសវៀតណាម ១០,២ទ្រីលានរៀល ប្រមាណ ៦,១%, ប្រទេសម៉ាឡេស៊ី ៧,៨ទ្រីលានរៀល ប្រមាណ ៤,៦%, ប្រទេសជប៉ុន ១០,០ទ្រីលានរៀល ប្រមាណ ៥,៩%, ចក្រភពអង់គ្លេស ៥,៧ទ្រីលានរៀល ប្រមាណ ៣,៤%, ប្រទេសកាណាដា ៤,៧ទ្រីលានរៀល ប្រមាណ ២,៨%, សហរដ្ឋអាមេរិក ៣,៦ទ្រីលានរៀល ប្រមាណ ២,១%។

របាយការណ៍ដដែលបានបន្ថែមឱ្យដឹងទៀតថា សមាមាត្រតាមវិស័យនៃវិនិយោគផ្ទាល់បរទេសសរុប វិស័យហិរញ្ញវត្ថុ ៣៨,៦ទ្រីលានរៀល ប្រមាណ ២២,៩%, កម្មន្តសាល ៣៥,១ទ្រីលានរៀល ប្រមាណ ២០,៨%, អចលនទ្រព្យ ២០,៣ទ្រីលានរៀល ប្រមាណ ១២,០%, សណ្ឋាគារនិងភោជនីយដ្ឋាន ១៨,១ទ្រីលានរៀល ប្រមាណ ១០,៧%, កសិកម្ម ១៧,៤ទ្រីលានរៀល ប្រមាណ ១០,៣%, អគ្គិសនី ១០,៥ទ្រីលានរៀល ប្រមាណ ៦,២%, សំណង់ ៦,៨ទ្រីលានរៀល ប្រមាណ ៤,១% ផ្សេងៗ ២១,៩ទ្រីលានរៀល ប្រមាណ ១៣,០%។

គួររម្លឹកថា គម្រោងវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២១ ទាំងមូល មានតម្លៃសរុប ៤,៣៥៧លានដុល្លារ ដែលថយចុះ ៤៧% បើធៀបនឹងទុកវិនិយោគក្នុងឆ្នាំ២០២០ ដែលមានតម្លៃវិនិយោគសរុប ៨,២៥០លាដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)