Register Already an agent ? Login

លោក ស៊ុន ចាន់ថុល ស្នើបារាំងសិក្សាលទ្ធភាពប្រព័ន្ធដឹកជញ្ជូនប្រើផ្លូវដែក នៅរាជធានីភ្នំពេញកាត់បន្ថយការកកស្ទះ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ការស្នើខាងលើរបស់ របស់ លោក ស៊ុន ​ចាន់ថុល នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដោយមានការអមដំណើរពីលោក Philippe Baudry ទីប្រឹក្សាសេដ្ឋកិច្ច លោកស្រី Ophelie Bourhis នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងលោក Liv RIthyra មន្ត្រីទទួលបន្ទុកសេវាសេដ្ឋកិច្ចរបស់ស្ថានទូត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

បើតាមជំនួបនេះ លោក ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការតភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ដែលបាននិងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវ២គន្លង ទៅ៤គន្លង។ ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។ 

បន្ថែមពីលើនេះ លោក ស៊ុន​ ចាន់ថុល បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ និងបានឆ្លៀតឱកាសបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)