Register Already an agent ? Login

វឌ្ឍនភាព គម្រោងអភិវឌ្ឍចំណតផែរណបពហុបំណង TS១១ សម្រេចបានជិត៩០% នឹងបញ្ចប់ចុងខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងអភិវឌ្ឍចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ គិតមកដល់ពេលនេះសម្រេចវឌ្ឍនភាពបានប្រមាណ ៨៥%ហើយ គ្រោងបញ្ចប់ការសាងសង់នៅចុងខែមិថុនា និងបើកឱ្យដំណើរការប្រើប្រាស់កំឡុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។ បើតាមការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគរវាងកំពង់ផែស្វយ័តភ្នំពេញ (ភាគទុន៥១%) និងក្រុមហ៊ុន PTLS Co., LTD (ភាគទុន៤៩%) ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ ១២លានដុល្លារ។ បើតាមការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា TS១១ អាចផ្ទុកទំនិញបានពី ៦ម៉ឺន ទៅ៩ម៉ឺន TEUs ក្នុង១ឆ្នាំ។

នាឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា គម្រោងអភិវឌ្ឍន៍នេះ សាងសង់ឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនប្រកបដោយនិរន្តភាពនៃអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្ថែមថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើនថែមទៀត។

លោក រដ្ឋមន្រ្តី បានថ្លែងឱ្យដឹងថា ក្រៅពីនេះកំពង់ផែស្វយ័តភ្នំពេញ បាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះរួមទាំងគម្រោងអភិវឌ្ឍន៍ចំណត ផែរណបតាមផងទន្លេចំនួន ៧ទីតាំងផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)