Register Already an agent ? Login

នាយករដ្ឋមន្ត្រីឡាវ បានស្នើសុំ សម្ដេចជោ ហ៊ុន សែន សាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ នៅក្នុងជំនួបទ្វាភាគីជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ នៅប្រទេសជប៉ុន បានស្នើសុំឱ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ ដើម្បីឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា។

នៅក្នុងជួបពិភាក្សាការងារនោះ លោក ផនខាំ វីផាវ៉ាន់ បានមានប្រសាសន៍បញ្ជាក់ថា ទាក់ទងនឹងការសាងសង់ស្ពាននេះ លោក រង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន។

ទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរឡើង។

លោក នាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា គ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជា ជាពិសេសខេត្តចំប៉ាសាក់ និងចំប៉ាលើ ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់​ និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។

នាឱកាសនោះ លោក ផនខាំ វីផាវ៉ាន់ ក៏បានស្នើឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ហើយក្នុងនោះ ក៏បានអញ្ជើញ លោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ។

ជាការឆ្លើយតប របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏បានឯកភាពហើយបានមានប្រសាសន៍ថា ជារឿងដ៏ល្អណាស់ដែល លោក ផនខាំ វីផាវ៉ាន់ បានអញ្ជើញ​ មេបញ្ជាការកងទ័ពជើងគោក​ របស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សម្ដេចពិតជាមានមោទនភាពចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានជម្រាបជូន លោក នាយករដ្ឋមន្ត្រីឡាវ ដើម្បីឱ្យត្រៀមរៀបចំនូវឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំខាងមុខនៅពេលដែលសម្ដេចនឹងអញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសឡានោះ។

គួររម្លឹកថា នៅក្នុង​ជំនួប​ជាមួយ​លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូត​ថ្មី​ឡាវ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេសកម្ពុជា ​បាន​លើក​ទឹកចិត្ត​ឱ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន (JBC) នៃ​ប្រទេស​ទាំង​ពីរពន្លឿន​ការចរចា​ដើម្បី​ដោះស្រាយ​ខ្សែ​ព្រំដែន​ពុំទាន់​មាន​ខណ្ឌសីមា​ដែល​នៅ​សេសសល់​ចំនួន១៤% តាម​ការឯកភាព​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១​។ លោក​បាន​លើក​ទឹកចិត្ត​ឱ្យ JBC ទាំង​២​ ពិភាក្សា​លើ​សេចក្តីព្រាង​សន្ធិសញ្ញា​កំណត់ព្រំដែន​រវាង​ប្រទេស​ទាំង​២ ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​ដែល​បាន​ឯកភាពគ្នា​រួចហើយ​ចំនួន ៨៦​%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)