Register Already an agent ? Login

ផ្លូវបេតុងនិងស្ពានបេតុងប្រវែងសរុបជិត ៤គ.ម ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កណ្ដាល៖ ផ្លូវបេតុងអាមេ ប្រវែង ៣,៧៨០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងស្ពានបេតុងឆ្លងទន្លេតូច ប្រវែង៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ នៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវ ក្រោមអធិបតីភាព ជូ វិជិត្ត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០២២។

នៅក្នុងពិធីខាងលើ លោក គង់ សោភ័ណ្ឌ ​អភិបាលខេត្តកណ្ដាល បានថ្លែងថា ខ្ញុំសូមចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋ នៅឃុំបាក់ដាវ ដែលទទួលបានផ្លូវនិងស្ពាន សម្រាប់ធ្វើដំណើរប្រកបអាជីវកម្ម និងដឹកជញ្ជូន។ លោក បានបន្ត កត្តាសុខសន្តិភាព ដែលជាចលករមួយដែលជម្រុញឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ផងដែរ។

ដូចគ្នានេះដែរ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេប្រវែង ៤៥១ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ និង ៩ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងដាក់លូមូលប្រវែង ២៨២ម៉ែត្រ មុខកាត់ ០.៦ម៉ែត្រ និងរ៉ឺហ្គា ១៤កន្លែង នៅភូមិថ្មី និងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការផ្លូវបេតុងនេះ គឺជាសមិទ្ធផលថ្មី បន្ថែមទៀតដ៏មានសារសំខាន់ជាទីបំផុត សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់តាខ្មៅ ក៏ដូចជាប្រជាជនទូរទៅឆ្លងកាត់ សម្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទ បានយ៉ាងងាយស្រួល និងជួយរំដោះទឹកជំនន់ដោយទឹកភ្លៀង ដែលជួយជម្រុញនូវកំណើនសេដ្ឋកិច្ចគ្រួសារប្រជាជន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)