Register Already an agent ? Login

លោក ស៊ុន ចាន់ បានពន្យាពេលក្រុមហ៊ុនធ្វើផ្លូវជាតិលេខ២ និង២២ ដល់ខែសីហា ខណៈវឌ្ឍនភាពសម្រេចបានជិត ៧៧%

កណ្ដាល៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យារពេលវេលាឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ រហូតដល់ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចប់ការងាររបស់ខ្លួនជាស្ថាពរ ក្រោយពីធ្វើតេស្តរកឃើញភាពមិនប្រក្រតី ផ្នែកខ្លះនៃផ្លូវនេះមិនមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស ខណៈវឌ្ឍនភាពសម្រេចបាន ៧៦.២០%។

ការពន្យាពេលដល់ក្រុមសាងសង់ផ្លូវជាតិ២ និងលេខ២២ នាឱកាស លោក ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិទាំងពីរ ដោយមានការចូលរួមពីអាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

លោក ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមការងារបច្ចេកទេសពាក់ព័ន្ធធ្វើតេស្តគុណភាពឱ្យបានច្រើនកន្លែងថែមទៀតចាប់ពីដើមទីរហូតដល់ចប់ ដើម្បីបញ្ជាក់ឱ្យដឹងថាផ្លូវនេះគ្មានគុណភាពតាមអ្វីដែលក្រសួងចង់បាន។ លោក បានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញឱ្យបានត្រឹមត្រូវតាមសៀវភៅកិច្ចសន្យា ទើបក្រសួងអាចទទួលយកបាន។

លោក រដ្ឋមន្រ្តីបានថ្លែងប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រនិងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ។ លោក ក៏បានស្នើឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវនេះ មានការអធ្យបាស្រ័យចំពោះការអូសបន្លាយ ពេលយូរចំពោះការសាងសង់ផ្លូវនេះផងដែរ។

គួររម្លឹកថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ សម្ដេច តេជោ ហ៊ុន សែន។ គម្រោងផ្លូវនេះ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។

គម្រោងនេះ ចំណាយថវិកា ៥៦.១លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ០១៩។

គូសបញ្ជាក់ថា ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែ ចែកចេញជាបីផ្នែករួមមាន៖ ផ្នែកទី១-កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤.៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសង ខាងទទឹង ០.៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២.៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី២-កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤.៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០.៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរា ចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្នែកទី៣-កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣.៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ក្រោយបញ្ចប់គម្រោងជាស្ថាពរ ផ្លូវនេះនឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋ មកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)