Register Already an agent ? Login

ពន្ធដារប្រមូលចំណូលបាន ១,២ពាន់លានដុល្លារ ៣ខែដើមឆ្នាំ២០២២ ទទួលបានពីប្រភពពន្ធសំខាន់ៗចំនួន៥ប្រភេទ

ភ្នំពេញ៖ រយៈពេល ៣ខែដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ៥,១១៥.៤២ប៊ីលានរៀល(ប្រមាណ១,២៦៣.០៧លានដុល្លារ) ស្មើនឹង ៤៤.៨០% បើធៀបនឹងគ្រាដូចគ្នា នៅឆ្នាំ២០២១ គឺកើនឡើង ៩៣០.៩៩ប៊ីលានរៀន (ប្រមាណ ២២៩.៨៧លានដុល្លារ) ស្មើនឹង ២២.២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារប្រចាំត្រីមាសទី១ ឆ្នាំ២០២២ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ដែលដឹកនាំដោយ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ៣ខែកន្លងមកនេះ ចំណូលពន្ធនិង​អាករ ទទួលបានពីព្រភពសំខាន់ៗចំនួន៥ប្រភេទ ដែលបានរក្សាកំណើនសេដ្ឋជាតិ។

ប្រភពចំណូលទាំង៥ ដែលបានទទួលជាង ១២០០លានដុល្លាររួមមាន៖ ពន្ធលើប្រាក់ចំណូលចំនួន ៦៦៧លានដុល្លារ កើនឡើង ២៣.៦០%, អាករតម្លៃបន្ថែម(VAT) ជាង ១៩១លានដុល្លារ កើនឡើង ១៥,១៤%, អាករពិសេសជាង ៧៣លានដុល្លារ កើនឡើង ១៥.៨៦%, ពន្ធលើប្រាក់បៀវត្សជាង ៧៧លានដុល្លារ កើនឡើង ២១.១៨% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលទ្រព្យជាង ៥៥លានដុល្លារ កើនឡើង ៣៥.១២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។

សម្រាប់ឆ្នាំ២០២២ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដាក់ផែនការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដោយប្រមូលចំណូលឱ្យបាន ១១,៤១៩.១៣ប៊ីលានរៀល (ប្រមាណ ២,៨១៨.៥៤លានដុល្លារ)។

លោក គង់ វិបុល បានលើកឡើងថា​​ ការសម្រេចនូវលទ្ធផលនេះអាស្រ័យលើប្រសិទ្ធភាពនៃការពង្រឹងអភិបាលកិច្ចល្អ ​ជាមួយការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងការភ្ជាប់កម្មវិធីលើទូរស័ព្ទដៃ ផ្តល់លទ្ធភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបង់ពន្ធ និងទទួលបានព័ត៌មានថ្មីៗ ពីពន្ធដារ ។

លោក បានបន្តថា ជម្រើសនៃការបង់ពន្ធ តាមរយៈធនាគារពាណិជ្ជជាដៃគូ និងការផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ, វគ្គបណ្តុះបណ្តាល សិក្ខាសាលា​និងប្រព័ន្ធផ្សព្វផ្សាយនានារបស់អគ្គនាយកដ្ឋានពន្ធដារ បានចូលរួមចំណែកយ៉ាងសំខាន់ នៃការបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការប្រមូលពន្ធ ។

លោក បានបន្ថែមថា ស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងឆ្នាំកន្លងមក នឹងបន្តជះឥទ្ធិពលមកលើការគ្រប់គ្រងការប្រមូលពន្ធ ចំណូលពន្ធក្នុងឆ្នាំបន្ទាប់ ជាពិសេសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ ផ្ទុយទៅវិញ ទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ យ៉ាងណាក្តី លទ្ធផលនៃការគ្រប់គ្រងលទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកពន្ធដារសម្រេចបានលទ្ធផលល្អប្រសើរដូចបានជម្រាបជូនខាងលើ។

កន្លងមក សម្តេច ហ៊ុន សែន បានសរសើរលោក គង់ វិបុល និងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារទាំងអស់ ចំពោះលទ្ធផលប្រមូលពន្ធ ឆ្នាំ២០២១​ ដែលសម្រេចបាន ​១២៤,០២ភាគរយនៃផែនការប្រចាំឆ្នាំ បើទោះបីកម្ពុជាកំពុងជួបប្រទះវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩​​ ក៏ដោយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)