Register Already an agent ? Login

៣ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបាន ៥,៤លានដុល្លារ វិស័យកាត់ដេរឈានមុខគេកើនជិត ២៥%

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជារយៈពេល ៣ខែឆ្នាំ២០២២ សម្រេចបាន ៥,៤៩១.៤លានដុល្លារ ក្នុងនោះរួមមាន៖ ការនាំចេញផលិតផលកាត់ដេរ មានចំនួន ៣,១៥៥ លានដុល្លារ, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ​មានចំនួន ១,២១២.៩ លានដុល្លារ និងការនាំចេញកសិផលមានតម្លៃ ១,១២៣.៥ លានដុល្លារ។ បើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ កាលពីថ្ងៃទី១២​ ខែមេសា ឆ្នាំ២០២២។

ការនាំចេញផលិតផលកាត់ដេរមានចំនួន ៣,១៥៥ លានដុល្លារ កើនឡើងប្រមាណ ៦២៧.៨លានដុល្លារ ស្មើនឹង ២៤.៨%, ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១,២១២.៩ លានដុល្លារ កើនឡើងប្រមាណ ៣៣៥.២លានដុល្លារអាមេរិក ស្មើនឹង ៣៨.២%។

ការនាំចេញកសិផលសរុបមានតម្លៃ ១,១២៣.៥ លានដុល្លារ កើនឡើងប្រមាណ ១០៧.៤លានដុល្លារ ស្មើនឹង ១០.៦% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ២៩៨.៩លានដុល្លារ ថយចុះប្រមាណ ១៧.២លានដុល្លារ (៥.៤%), ការនាំចេញអង្ករមានតម្លៃ ១០៥.១លានដុល្លារ ថយចុះប្រមាណ ៤.៧លានដុល្លារ (៤.៣%), កៅស៊ូនាំចេញមានតម្លៃ ១០៣.២លានដុល្លារ កើនឡើងប្រមាណ ១០.១លានដុល្លារ (១០.៩%), និងកសិផលផ្សេងទៀតមានតម្លៃ ៦១៦.៣ លានដុល្លារ កើនឡើង ១១៩.១លានដុល្លារ (២៤%)។

គូសបញ្ជាក់ថា ក្នុងរយៈពេល ៣ខែ នៃឆ្នាំ២០២២ អគរ ប្រមូលចំណូលបានចំនួន ២,៤២៨.៦ប៊ីលានរៀល ស្មើនឹង ៥៩៧.៦លានដុល្លារ ដែលតួលេខនេះត្រូវជាប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំំណូលនេះថយចុះ ៦១.២ប៊ីលានរៀលដែលត្រូវជាប្រមាណ ២.៥%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)