Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលពីពន្ធគយ ក្នុងត្រីមាសទី១ឆ្នាំ២០២២ ជិត៦០០លានដុល្លារ ធ្លាក់ចុះជាង ២%

ភ្នំពេញ៖ នៅក្នុងត្រីមាសទី ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបាន ៥៩៧.៦លានដុល្លារ តួលេខនេះសម្រេចបាន​អត្រា ២៣,២ភាគ% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើតាមលទ្ធផលបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី១២ មេសា ឆ្នាំ២០២២បានបញ្ជាក់ថា «បានធ្លាក់ចុះប្រមាណ ២,៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១»។

បើតាមលទ្ធផលការងារគយ បានបន្តថា ចំណូលតាម​ប្រភេទពន្ធនិង​អាករ រួមមាន៖ អាករលើ​តម្លៃ​បន្ថែម (VAT) អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលបានជិត ៣៩% នៃចំណូលសរុប, អាករពិសេសប្រមូលបានជិត ៣៧%, ចំណូលពីពន្ធគយប្រមូលបាន ១៨%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងមាន ៤,២% និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមាន ២,២%។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូល​ពន្ធពីយានយន្តនិងគ្រឿងចក្របានរហូតដល់ ៤២,២%, ចំណូលពន្ធពីទំនិញចម្រុះមានជាង ២៩%, ចំណូលពីពីផលិតផលតេលសិលាមានជិត ២៣% និងសម្ភារ​សំណង់រួមទាំងកម្រៃផ្សេងៗមានជិត ៦%។ បើតាមលទ្ធផលការងារគយដដែល។

ការសម្រេច​បាននូវលទ្ធផលនេះ គឺអាស្រ័យលើប្រសិទ្ធភាពនៃការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អនុលោមភាព ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ ជាមួយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ។ បើតាមការលើកឡើងរបស់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោក បានលើកឡើងបន្តថា ការចូលរួមសកម្មភាពសង្គមនានា និងការអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ជាចំណែកចម្បងមួយដែលនាំឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចបាននូវសមិទ្ធផល នារយៈពេល ៣ខែនេះមកផងដែរ។

សូមរម្លឹកថា កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជិត ២,៣០០លានដុល្លារ ចំណូលនេះ គឺធា្លក់ចុះចំនួន ៥,១ភាគរយ បើធៀបនឹងឆ្នាំ២០២០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)