Register Already an agent ? Login

សម្តេចតេជោ៖ កត្តាចំនួន៦ ដែលជំរុញឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ជាជំនួយឥតសំណងរបស់ជប៉ុនសរុបប្រមាណ ៣៦លានដុល្លារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា «មានកត្តាចំនួន៦ ដែលជំរុញឱ្យបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ»។

ពិធីខាងលើដែលប្រព្រឹត្តនៅនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាទាំងរួមមាន៖

ទី១. កត្តាសុខសន្តិភាព គឺជាផ្នែកមួយសំខាន់បំផុត ដែលធ្វើឱ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែង។

ទី២. គឺការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ មានស្ពាន ដែលធ្វើឱ្យប្រជាពលរដ្ឋយើងងាយស្រួលក្នុងការធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវ និងស្ពានទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបន្តបន្ទាប់។ ហើយនៅថ្ងៃនេះ ខ្ញុំសូមប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង ហើយស្ពានបេតុងនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការសាងសង់ផងដែរ។

ទី៣. គឺកត្តាមធ្យោបាយធ្វើដំណើរ គឺបងប្អូនប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទទាំងរថយន្ត ទាំងម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត។

ទី៤. គឺកត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពីព្រោះបើប្រជាពលរដ្ឋមិនមានប្រាក់ចំណូលនោះទេ គឺពួកគាត់មិនមានលទ្ធភាពក្នុងការចាយវាយ និងចំណាយផ្សេងៗអំឡុងពេលដើរកម្សាន្តនោះទេ។

ទី៥. គឺកត្តានៃការកើនឡើងនៃតំបន់ទេសចរណ៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាយើង។ បច្ចុប្បន្ន កម្ពុជាយើងមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃជាច្រើន ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ។

និងទី៦. គឺកត្តាភាពស៊ាំក្នុងសហគមន៍នៃការទទួលបានវ៉ាក់សាំងប្រឆាំងប្រឆាំងកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

នាឱកាសនោះ សម្តេចតេជោ ក៏បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងទី៣ ឬដូសជំរុញជាបន្តទៀត ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ឱ្យកាន់តែខ្លាំងក្លាទៀត។

គូសបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥,១៧៥,៧៥៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥,១៤០,៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥,២៥៩នាក់។

ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៤ ភ្ញៀវមានចំនួន ៨៦២,៨៩៧នាក់, ថ្ងៃទី១៥ ភ្ញៀវមានចំនួន ១,៥៧៩,២៥១នាក់, ថ្ងៃទី១៦ ភ្ញៀវមានចំនួន ២,១៤៨,១៧៨នាក់, ថ្ងៃទី១៧ ភ្ញៀវមានចំនួន ៥៨៥,៤២៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖ ខេត្តបាត់ដំបង  ៦៥៣,៨៩៦នាក់, ខេត្តកំពង់ចាម ៥៤១,៩០០នាក់, ខេត្តបន្ទាយមានជ័យ ៤៧១,១១៩នាក់, ខេត្តសៀមរាប ៤៥៥,៩៨៤នាក់, ខេត្តព្រៃវែង ៣៩៦,៣២៨នាក់, ខេត្តកំពង់ស្ពឺ ៣៤៥,០១៨នាក់, ខេត្តពោធិ៍សាត់ ៣៣៨,៩១៦នាក់, ខេត្តកំពង់ឆ្នាំង ៣០០,៥៦១នាក់, ខេត្តកំពត ២៨៤,៨៩៣នាក់, ខេត្តព្រះសីហនុ ២៦៤,៣០៨នាក់, រាជធានីភ្នំពេញ ២៤០,៤៦០នាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទែសចរណ៍បានថ្លែងថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ម៉ឺននាក់។

លោក រដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។

លោក បានបន្ថែមថា ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)