Register Already an agent ? Login

ភ្ញៀវជាង ៥លាន១៧ម៉ឺននាក់ បានចេញដើរលេងកម្សាន្តទូទាំងប្រទេស នាឱកាសបុណ្យចូលឆ្នាំខ្មែរ ៣ថ្ងៃ

ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥,១៧៥,៧៥៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥,១៤០,៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥,២៥៩នាក់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា តួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៤ ភ្ញៀវមានចំនួន ៨៦២,៨៩៧នាក់, ថ្ងៃទី១៥ ភ្ញៀវមានចំនួន ១,៥៧៩,២៥១នាក់, ថ្ងៃទី១៦ ភ្ញៀវមានចំនួន ២,១៤៨,១៧៨នាក់ និងថ្ងៃទី១៧ ភ្ញៀវមានចំនួន ៥៨៥.៤២៨នាក់។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖ *ខេត្តបាត់ដំបង ៦៥៣,៨៩៦នាក់,*ខេត្តកំពង់ចាម ៥៤១,៩០០នាក់,*ខេត្តបន្ទាយមានជ័យ ៤៧១,១១៩នាក់,*ខេត្តសៀមរាប ៤៥៥,៩៨៤នាក់,*ខេត្តព្រៃវែង ៣៩៦,៣២៨នាក់,*ខេត្តកំពង់ស្ពឺ ៣៤៥,០១៨នាក់,*ខេត្តពោធិ៍សាត់ ៣៣៨,៩១៦នាក់,*ខេត្តកំពង់ឆ្នាំង ៣០០,៥៦១នាក់,*ខេត្តកំពត ២៨៤,៨៩៣នាក់,*ខេត្តព្រះសីហនុ ២៦៤,៣០៨ នាក់,*រាជធានីភ្នំពេញ ២៤០,៤៦០នាក់។

លោក ថោង ខុន រដ្ឋមមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ ក្នុងរយៈពេល ៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ម៉ឺននាក់។

លោក បានបន្តថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។

លោក បានបន្ថែមថា ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។

លោក រដ្ឋមន្រ្តីបានបន្ថែមទៀតថា វិស័យឯកជនក៏បានចូលរួមសំដែងនូវភាពរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)