Register Already an agent ? Login

រយៈពេល២ខែ កម្ពុជានាំចេញទំនិញបានទឹកប្រាក់ជិត ៤ពាន់លានដុល្លារ កើនឡើងជាង ២១%

ភ្នំពេញ៖ កម្ពុជា នាំចេញទំនិញទទួលបានទឹកប្រាក់ជាង ៣,៥៩៥លានដុល្លារ កើនឡើង ២១.២% រយៈពេល ២ខែឆ្នាំ២០២២ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ទទួលបាលជាង ២,៩៦៨លានដុល្លារ។ បើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញចម្បងដែលរកចំណូលបានច្រើនជាងគេ គឺការនាំចេញសម្លៀកបំពាក់មានតម្លៃជាង ១.៤ពាន់លានដុល្លារ។

នៅក្នុងរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ក្នុងនោះក៏មាន ស្បែកជើងជាង ២៧៨លានដុល្លារ គ្រាប់ធញ្ញជាតិជាង ២១៨លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ២៣០លានដុល្លារ បន្លែជាង ១២៨លានដុល្លារ ផ្លែឈើជាង ៧៩លានដុល្លារ គ្រឿងសង្ហារឹមផ្សេងជាង ១០៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ ៣,៥៩៥,៧៦០,០០០ដុល្លារ។

កំណើននៃការនាំចេញទំនិញនេះ ដោយសារតែយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ បានជោគជ័យ និងការដាក់ដំណើរសេដ្ឋកិច្ចឡើងវិញធ្វើឱ្យមានការបញ្ជាទិញពីប្រទេសផ្សេងៗជាច្រើនមកកម្ពុជា ស្របពេលដែលបណ្តាប្រទេសមួយចំនួនទៀត មិនអាចទទួលការបញ្ជាទិញពីទីផ្សារបរទេសបាន ដោយសារតែជួបបញ្ហាវិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច និងវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យអ្នកបញ្ជាទិញងាកមកកម្ពុជា។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោក លឹម ហេង បានបន្តថា ចំពោះការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅឆ្នាំ២០២២ យើងឃើញមានសញ្ញាល្អ ហើយភាពប្រឈមវាមានតិចតួច ប្រឈមនឹងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ធ្វើឱ្យប្រេងឡើងថ្លៃ អាចប៉ះពាល់ដល់ថ្លៃដើម ការដឹកជញ្ជូន ការផលិត។ លោក បានបន្ថែមថា ប៉ុន្តែទន្ទឹមពេលដែលយើងបើកដំណើរការសេដ្ឋកិច្ចគ្រប់គ្រងបញ្ហាកូវីដ-១៩ បាន និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ និងRCEP។ លោក បន្ថែមទៀតថា មិនត្រឹមប៉ុណ្ណឹងទេយើង នៅមានភាពអនុគ្រោះពន្ធ EBA, GSP ខ្ញុំជឿថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ នៅតែមានកំណើន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)