Register Already an agent ? Login

វិនិយោគិនកូរ៉េ មានបំណងវិនិយោគនៅកម្ពុជា ផ្តោតសំខាន់លើបរិស្ថាន និងអភិវឌ្ឍភ្នំពេញជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល

ភ្នំពេញ៖ តំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ នៅក្នុងជំនួបជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញថា ក្រុមមានបំណងស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន និងចង់រួមណែកអភិវឌ្ឍនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

នៅក្នុងជំនួបពិភ្សាការងារដែលធ្វើឡើងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ តំណាងក្រុម Techcross Water & Energy បានថ្លែងបញ្ជាក់ថា «ការផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ ជាដើម»។

បើតាមតណាងក្រុមហ៊ុនដដែល បានលើកឡើងថា ដោយសង្កេតឃើញកម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ លោក រដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។

លោក រដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់វិនិយោគិនកូរ៉េ ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីសក្ដានុពលរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់។

លោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិនានា មានជាអាទិ៍ច្បាប់ស្តីពីកិច្ចប្រកួតប្រជែង ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។

តាមរយៈវិធានការមុតស្រួចនានាដែលបានដាក់ចេញ ជាពិសេសយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងងើបឡើងវិញជាមួយនឹងកំណើន ៥.៦% ក្នុងឆ្នាំ២០២២ និង ៦.៦% ក្នុងឆ្នាំ២០២៣ មុននឹងឈានទៅដល់ ៧% ត្រឹមឆ្នាំ២០២៤ ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិស័យធុរកិច្ច។ បើតាមការលើកឡើងបន្ថែមរបស់ លោក ប៉ាន សូរស័ក្តិ។

នៅបញ្ចប់ វិនិយោគិនកូរ៉េ បានថ្លែងអំណរគុណ លោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះអនុសាសន៍ណែនាំ និងប្តេជ្ញាកៀងគរធុរជន និងវិនិយោគិនពីកូរ៉េមកកម្ពុជាបន្ថែមទៀត។

គូសបញ្ជាកល់ថា គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ២០២២ ទុន​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​នៅ​កម្ពុជា​មាន​ដល់ ​៥ពាន់​លាន​ដុល្លារ ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ​២១២​គម្រោង។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​​កូរ៉េ​ ដែល​បាន​ចុះហត្ថលេខា​កាលពី​ចុងខែ​តុលា ឆ្នាំ​២០២១ នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រ​ទេ​ទាំង​ពីរ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)