Register Already an agent ? Login

អូស្ត្រាលី នឹងផ្ដល់ជំនួយឥតសំណងទឹកប្រាក់ ៦៥លានដុល្លារ ដល់កម្ពុជា លើវិស័យសំខាន់៣ រយៈពេល៥ឆ្នាំ

ភ្នំពេញ៖ កម្ពុជា នឹងទទួលបានជំនួយជាទឹកប្រាក់ឥតសំណងប្រមាណ ៨៧លានអូស្រ្តាលី (ប្រមាណ ៦៥លានដុល្លារ) ពីរដ្ឋាភិបាលអូស្រ្តាលី លើវិស័យសំខាន់ៗចំនួន៣ សម្រាប់រយៈពេល ៥ឆ្នាំ គិតពីពាក់កណ្ដាលឆ្នាំ២០២២ ដល់ឆ្នាំ២០២៧។ នេះបើតាមជំនួបពិភាក្សាការងារ លោក អូន ព័ន្ធមុនីរ័ត្ន មន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Pablo Kang ឯកអគ្គរាជទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា។

ជំនួបពិភាក្សាការងារខាងលើធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍថ្មីនៃកម្មវិធីភាពជាដៃគូរវាងកម្ពុជានិងអូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។

បើតាមកិច្ចជំនួបនេះ អូស្រ្តាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការហិញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី តាមរយៈមូលនិធី Department affair and Trade (DFAT) សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ប្រមាណ ៨៧លានអូស្រ្តាលី (ប្រមាណ ៦៥លានដុល្លារ) រយៈពេល ៥ឆ្នាំ គិតពីពាក់កណ្ដាលឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងអាចបន្តផ្ដល់បន្ថែមរហូតដល់ ៥៧លានអូស្រា្តលី (ប្រមាណ ៤២លានដុល្លារ) រយៈពេល ៣ឆ្នាំបន្តាប់ទៀត ដោយអាចបន្តដល់ពាក់កណ្ដាលឆ្នាំ២០៣០។

វិស័យសំខាន់ៗចំនួន៣ ដែលកម្ពុជានឹងទទួលជំនួយឥតសំណង ជាកម្មវិធី CAP-RED រួមមាន៖

ទី១. ជួយ​ជ្រោមជ្រែងដល់កម្ពុជាក្នុងការអភិវឌ្ឍលើផ្នែកកសិកម្ម​ដែលមានតម្លៃខ្ពស់ និងចាប់ផ្ដើមលើវិស័យកែច្នៃកសិផល

ទី២. សហការជាមួយរាជរដ្ឋាភោបាលកម្ពុជា លើការងារជុំវិញគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអភិវឌ្ឍន៍សហគ្រាស ដើម្បីជួយជ្រោមជ្រែងកម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងគាំទ្រអាជីវកម្មកម្ពុជា ដើម្បីលើកកម្ពស់ស្ដង់ដារគុណភាពរបស់ខ្លួន ដើម្បីអាចនាំចូលទីផ្សារនានា

ទី៣. បន្តកម្មវិធីវិនិយោគ ដើម្បីពង្រឹងវិស័យហរដ្ឋារចនាសមព័ន្ធប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេស ក្នុងវិស័យទឹក ថាពល និងភស្តុភារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)