Register Already an agent ? Login

សម្ដេចតេជោ បានសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងស្រៀមរាប មានតម្លៃជិត ១៥០លានដុល្លារ

សៀមរាប៖ សម្តេចជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប ១០៨.៧៤ គីឡូម៉ែត្រ ចំណាយថវិកា ១៤៩.២១៦លានដុល្លារ និងសមិទ្ធផលស្ដារកែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងបានថ្លែងនៅក្នុងពិធីខាងលើថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ដែលបាននិងកំពុងបង្ហាញរូបរាងដ៏ស្រស់ត្រកាលនៅលើទឹកដីអង្គរនាពេលនេះ គឺជាសមិទ្ធផលដ៏ត្រចះត្រចង់មួយ បន្ថែមទៀតដែលបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ប្រជាពលរដ្ឋអ្នកខេត្តសៀមរាបទាំងអស់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅនិងយូរអង្វែង។

សម្ដេចពិជ័យ ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ ផ្លូវថ្នល់ទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារនូវអាយុជីវិត រក្សាបាននូវសណ្ដាប់ធ្នាប់ល្អ និងសោភ័ណភាព របស់ក្រុងសៀមរាបផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈកម្មការអន្តរក្រសួងដឹកនាំ និងក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានចូលរួមជំរុញអនុវត្ត និងត្រួតពិនិត្យតាមដានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានទាន់ពេលវេលាស្របតាមលក្ខណៈបច្ចេកទេស នាំមកនូវសោភ័ណភាព និងប្រកបដោយស្មារតីសាមគ្គីសហការគ្នាយ៉ាងល្អ និងទទួលខុសត្រូវខ្ពស់ក្នុងការធ្វើឱ្យគម្រោងនេះសម្រេចបានជោគជ័យ តាមការគ្រោងទុក។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិចារណាលើការលើកកម្ពស់វិស័យផ្លូវដែករបស់កម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការដឹកជញ្ជូនតាមផ្លូវដែកប្រកបដោយប្រសិទ្ធភាពតភ្ជាប់ទៅកាន់ បណ្តាតំបន់សក្កានុពលនានាក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសការដឹកជញ្ជូនអ្នកដំណើរ ការដឹកជញ្ជូនទំនិញសំខាន់ៗ សំដៅកាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាដឹកជញ្ជូនផងដែរ។

សូមរម្លឹកថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសន្សំរបស់ជាតិសរុបចំនួន ១៤៩.២១៦លានដុល្លារ ដោយក្នុងនោះចំនួន ៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន ១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ ត្រូវបានសាងសង់ឡើងស្របតាម លក្ខណៈបច្ចេកទេស គំនូសប្លង់នគរូបនីយកម្ម និងស្ថាបត្យកម្ម ធានាបានគុណភាពរឹងមាំយូរអង្វែង  ក្នុង គោលដៅផ្សារភ្ជាប់មេត្រីភាពជាមួយនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ ព្រមទាំងបានគិតគូរដល់បរិស្ថាន ផាសុកភាពប្រជាពលរដ្ឋ ជាពិសេសប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងឆ្លាតវៃ មានភាព ប្រទាក់ក្រឡាគ្នារវាងហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងប្រព័ន្ធគាំពារខាងផ្នែកសន្តិសុខនិងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពទីក្រុង ប្រព័ន្ធលូបណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី និងទិដ្ឋភាពផ្សេងៗ មានជាអាទិ៍៖ ប្រព័ន្ធរំដោះទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺសាធារណៈ ផ្លាកសញ្ញានិងគំនូសសញ្ញាចរាចរណ៍ សួនច្បារ និងអាងចម្រោះទឹកកខ្វក់ជាដើម។

ជាមួយគ្នានេះ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ ក៏បានបញ្ចូលការងារស្ដារ និងកែលម្អដងស្ទឹងសៀមរាប ដែលបានធ្វើឡើងគោរពតាមគោលការណ៍នគរូបនីយកម្ម ដើម្បីធានានូវសុខដុមនីយកម្មវប្បធម៌ និងបរិស្ថាន សំដៅធ្វើឱ្យក្រុងសៀមរាបស័ក្តិសមជាទីក្រុងបេតិកភណ្ឌ ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិកម្រិតអន្តរជាតិ ព្រមទាំងលើកកម្ពស់សោភ័ណភាពទីក្រុងតាមរយៈការរៀបចំជាសួន ច្បារមានស្មៅបៃតងស្រងាត់ មានកន្លែងហាត់ប្រាណ និង កន្លែងអង្គុយលំហែកម្សាន្តប្រកបដោយផាសុកភាព មិនត្រឹមតែបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តសៀមរាបប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិនិងអន្តរជាតិមកទស្សនាសំដៅជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយនិរន្តរភាពបានមួយកម្រិតបន្ថែមទៀត។

លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ គឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់ ក្នុងការតភ្ជាប់ប្រទាក់ក្រឡាពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលនៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ក្នុងខេត្ត សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង និងកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូននិងចរាចរណ៍ទំនិញគ្រប់ប្រភេទ។

ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក៏បានចូលរួមលើកកម្ពស់មុខមាត់ខេត្តសៀមរាប ដែលត្រូវបានកំណត់ជាតំបន់ ស្នូលក្នុងប៉ូលសេដ្ឋកិច្ចទី៣ រួមមាន៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរ មានជ័យ ដែលជាគោលដៅទេសចរណ៍វប្បធម៌ បូជនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយ សក្តានុពលសេដ្ឋកិច្ច សម្បូរណ៍បែប និងអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនចូលមកទស្សនា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)