Register Already an agent ? Login

សម្តេចតេជោ មានមោទកភាព ដោយសារពន្ធដារបានបំបែកឯកទគ្គកម្មប្រមូលចំណូលបានចំនួន ២៣៦លានដុល្លារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ដោយមានមោទកភាពថា «នេះជាថ្ងៃដែលខ្ញុំសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបានបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុងប្រមូលបាន ២៣៦លានដុល្លារ»។

នៅក្នុងពិធីខាងលើ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា ក្នុងរយៈពេល១ខែមីនានេះ អាចបានចំណូលជាង ៧០០លានដុល្លារ។ សម្តេចតេជោ បានបញ្ជាក់ «ចំណូលពន្ធដារកើនឡើងក្នុងខែមីនានេះ ដោយសារតែខែនេះ ជាខែដែលបណ្តាក្រុមហ៊ុននានា ដល់ពេលវេលាត្រូវបង់ពន្ធលើប្រាក់ចំណេញ ដែលត្រូវបិទបញ្ជីប្រចាំឆ្នាំ២០២១។ ក្នុងខែមីនានេះ ចំណូលសារពើពន្ធដែលបានមកពីពន្ធដារជាង ៧០០លានដុល្លារ និងពន្ធគយ ២០០លានដុល្លារ នោះថវិកាពន្ធមានជាង ៩០០លានដុល្លារ»។

សម្ដចតេជោ នាយកយរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ចំណូល ក្នុងខែមករា បានប្រមាណ ២៨៨លាន និងខែកុម្ភៈ បានប្រមាណ២២៣លាន ហើយនិងខែមីនា បានប្រមាណ ៧០០លាន។ សម្ដេច បានបញ្ជាក់ថា «សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង ១២០០លានដុល្លារ កើនឡើងចំនួន ២០០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១»។

សម្ដចតេជោ បានថ្លែងបន្ថែម នៅថ្ងៃទី៣០ ខែមីនានេះ ចំណូលពន្ធដារផ្ទៃក្នុងតែ១ថ្ងៃទេ គិតជាប្រាក់ដុល្លារចំនួន ២៣៦លានដុល្លារ ហើយបើគិតរយៈពេល ៣០ថ្ងៃ គឺចំណូលបានចំនួ ន៦២០លានដុល្លារ ហើយបើគិតពីខែមករាមកបាន១១៣០លានដុល្លារ។

បើតាមប្រមុខរាជរដ្ឋាភិបាលបានលើកឡើងបន្ថែមទៀតថា ម្សិលមិញខ្ញុំបានទាក់ទងទៅប្រធានពន្ធដារ លោក គង់ វិបុល ថាថ្ងៃនេះ នឹងមានលទ្ធផលទទួលចំណូលលើស ១០០លានដុល្លារទៀត អ៊ីចឹងបានសេចក្តីថាក្នុងខែមីនានេះ ចំណូលយើងនឹងកើនលើស ៧០០លានដុល្លារ សម្រាប់ពន្ធផ្ទៃក្នុងព្រោះខែនេះជាខែដែលត្រូវបង់ពន្ធប្រាក់ចំណេញនៃបណ្តាក្រុមហ៊ុន បើគិតត្រីមាសទី១ ឆ្នាំ២០២២នេះ រាប់ទាំងថ្ងៃទី៣១ ខែមីនានេះចំណូលពន្ធដារ នឹងទទួលបានជាង ១២០០លានដុល្លារ។

គួររម្លឹកថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២,៧៨១.៩២លានដុល្លារ គឺស្មើនឹង១២៤.០២% នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការចំនួន ២៤.០២% ស្មើនឹង ២,១៨២.៣៧ប៊ីលានរៀល ប្រមាណជា ៥៣៨.៨៥លានដុល្លារ។

ដោយឡែកសម្រាប់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា នៅឆ្នាំ២០២១ ប្រមូលចំណូលបាន ២,២៩៥.២លានដុល្លារ ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)