Register Already an agent ? Login

វឌ្ឍនភាព សាងសង់អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃតម្លៃ ៦០លានដុល្លារ សម្រេចបាន ២០% ហើយ

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃតម្លៃ ៦០លានដុល្លារ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្នសាងសង់បានប្រមាណ ២០ភាគរយ។ បើតាមការចុះពិតនិត្យ របស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

អគារនេះ មានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង។ ដំបូលអគារមានកម្ពស់ ៦៣ម៉ែត្រ គិតត្រឹមដំបូលក្បឿង ៩២ម៉ែត្រ គិតដល់ចុងបុស្បបុកតូច និង ១១៨ម៉ែត្រ គិតដល់ចុងបុស្បបុកធំ។

យោងតាមប្លង់ស្ថាបត្យកម្ម អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ ព្រមទាំងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុកភាពសក្តិសមជាទីកន្លែងបំពេញការងារបែបសម័យទំនើបថ្មី។

អគារថ្មីនេះ បានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ អគារទីស្តីការថ្មីនេះ នឹងស្ថិតនៅក្នុងទីតាំងក្រសួងមហាផ្ទៃបច្ចុប្បន្ន ដែលស្ថិតនៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)