Register Already an agent ? Login

លោក ជា សុផារ៉ា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល

លោក លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង លើកឡើងថា សន្តិភាពបង្កើនការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេស ដែលការណ៍នេះអាចឱ្យក្រុមហ៊ុន ជីប ម៉ុង អភិវឌ្ឍខ្លួននិងបន្តវិនិយោគលើច្រើនវិស័យ ជាពិសេស មានឱកាសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈការបង្កើតពាណិជ្ជកម្មថ្មីៗ និងឱកាសការងារដ៏សន្ធឹកសន្ធាប់។

លោក បានលើកឡើងបន្តថា បច្ចុប្បន្ន ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបបែបសហគមន៍ ដែលកំពុងបង្កើតចរន្តសេដ្ឋកិច្ច និងសោភ័ណភាពក្នុងតំបន់សែនសុខ ឱ្យក្លាយជាតំបន់ដែលមានសកម្មភាពពាណិជ្ជកម្មកាន់តែមមាញឹកនិងទំនើប ដោយសារតែផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉លប្រមូលផ្តុំដោយហាងម៉ាកយីហោល្បីៗ ដែលធ្វើឱ្យប្រជាពលរដ្ឋកំពុងទទួលបានបទពិសោធន៍ ក្នុងការរស់នៅកាន់តែងាយស្រួល និងទាន់សម័យបន្ថែមទៀត។

លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងថា ក្រុមហ៊ុន ជីប ម៉ុង រីថែល កំពុងតែបើកដំណើរការ ផ្សារ ជីប ម៉ុង ចំនួន៩ និងគ្រោងពង្រីកប្រមាណ ៥០ទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញនាពេលអនាគត។ លោក បន្តថា យើងបានបង្កើតភោជនីយដ្ឋាន ព្រមទាំង កន្លែងកម្សាន្តដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីផ្តល់ជម្រើស និងបទពិសោធន៍ជាច្រើនទៀតដល់អតិថិជន។

លោក Arnaud Dufresne បានថ្លែងបន្តថា ផ្សារទំនើបនេះ មានការគាំទ្រយ៉ាងខ្លាំងនូវផលិតផល ដែលជាសិប្បកម្មក្នុងស្រុក រួមទាំងបន្លែ ផ្លែឈើសរីរាង្គដែលដាំដុះដោយកសិករខ្មែរ ដែលនេះគឺជាសកម្មភាពចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការផ្តល់ទីផ្សារផលិតផលខ្មែរ និងជួយជំរុញសេដ្ឋកិច្ចសហគ្រាសធុនតូចនិងមធ្យម។

អគ្គនាយកក្រុមហ៊ុនរូបនេះបានថ្លែងបន្ថែមថា ក្រៅពីនេះ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក៏ជួយគាំទ្រយ៉ាងខ្លាំងដល់សកម្មភាពជួយសង្គម តាមរយៈផ្តល់ទីតាំងរៀបចំកម្មវិធីជាច្រើន ជាក់ស្តែងគឺការរៀបចំកម្មវិធីពិពរ័ណ៍ផលិតផលខ្មែរ, ការគាំទ្រធនាគារជាតិនៃកម្ពុជាប្រារព្ធទិវាប្រាក់រៀលខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ និងកម្មវិធីសង្គមផ្សេងៗទៀតនាពេលអនាគត។

សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល បែងចែកជា ៥ជាន់ ជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ និងជាន់ទី៤ ដែលជាបណ្តុំហាងជាតិ និងអន្តរជាតិ មានបម្រើជូនសេវាកម្ម ទី១ ហាងអាហារនិងភេសជ្ជៈ, ទី២ ហាងសម្លៀកបំពាក់, ទី៣ កន្លែងកម្សាន្ត, និងទី៤ ហាងគ្រឿងអេឡិចត្រូនិក ។

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មិនត្រឹមជាកន្លែងទិញទំនិញប៉ុណ្ណោះទេ តែក៏ជាកន្លែងជួបជុំពិភាក្សាការងារ ជាកន្លែងលម្ហែរអារម្មណ៍ និងជាកន្លែងពិសារអាហារ សំរាប់មនុស្សគ្រប់វ័យ រាប់តាំងពីកុមារ ដល់មនុស្សចាស់។

ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលជាគម្រោងវិនិយោគមួយដ៏ពិសេសក្នុងចំណោម គម្រោងវិនិយោគជាច្រើនរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលរួមមានផ្សារទំនើបខ្នាតយក្ស និងមានហាងលក់ទំនិញ ហាងអាហារឆ្ងាញ់ៗ ហាងប្រេនៗជាច្រើនដ៏សម្បូរបែប ជាពិសេសគឺមានមជ្ឈមណ្ឌលកម្សាន្តសម្រាប់ក្មេងដ៏ទាន់សម័យនៅទីនេះជាមួយគ្នា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)