Register Already an agent ? Login

កូរ៉េ ផ្ដល់កញ្ចប់ឥនទានសម្បទានប្រមាណ ១,២ប៊ីលានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចផ្ដល់ការសន្យាកញ្ចប់ឥណទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្រមខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២២​ ដល់ឆ្នាំ២០២៦ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា។ បើតាមជំនួបពិភាក្សាការងារ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

ជំនួបពិភាក្សាខាងលើធ្វើឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

បើតាម​ជំនួបនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្រៅពីឥណទានសម្បទានខាងលើ កម្ពុជាត្រូវការវិនិយោគបន្ថែមទៅលើវិស័យសំខាន់ៗដទៃទៀតរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធបៃតង កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៍មានសក្ដានុពលក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

លោក រដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ជាងនេះទៅទៀត ការអភិវឌ្ឍវិស័យភស្តុភារកម្ម និងឌីជីថល ក៏បានក្លាយជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។ លោក ថា ដូច្នេះ ​ការកៀគរទុនវិនិយោគពីវិស័យឯកជនទាំងក្រុង និងក្រៅប្រទេស ជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ។

ក្នុងកិច្ចពិភាក្សានោះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងការរួមចំណែកដល់ហិរញ្ញប្បទានអភោវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងទីភ្នាក់ងារសហប្រតបត្តិការអន្តរជាតិ។

លោក KOO Yun Cheol បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេស ការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក។

បើតាមជំនួបនេះភាគីទាំងពីរ បានប្ដេជ្ញាថា នឹងបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងការការលើកកម្ពស់ការវិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញអ្នកវិនិយោគកូរ៉េឱ្យមកបណ្ដាក់ទុនច្រើនបន្ថែមទៀត។

សូមរម្លឹកថា នៅក្នុងជំនួប​ទ្វេភាគី​រវាង​កម្ពុជា​-​កូរ៉េ​នា​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ នៅ​ប្រទេស​កូរ៉េ​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២២ លោក Moon Jae-In ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េខាងត្បូង បាន​ជម្រាបជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជា​គឺជា​អាទិភាព​សម្រាប់​កូរ៉េ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​កម្ពុជា គឺជា​ប្រទេស​ទី​ ១ ដែល​កូរ៉េ​បាន​ចុះ​ហត្ថលេខា​ជាមួយ​។

លោក ​បាន​បញ្ជាក់ថា «ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះដែរ ប្រទេស​កូរ៉េ​បានបញ្ចប់​នីតិវិធី​ហើយ ហើយ​កំពុងតែ​បញ្ជូនទៅ​សភា ដើម្បី​ផ្ដល់​សច្ចាប័ន»​។

លោក Moon Jae-In បាន​បន្តថា ​ប្រទេស​ទាំង​២ ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ពិសេស​នៅពេល​កម្ពុជា​មានច្បាប់​វិនិយោគ​ថ្មី​ដែល​គួរឱ្យ​ទាក់ទាញ​ថែមទៀត កូរ៉េ​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដោយ​ជំរុញ​ឱ្យ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កូរ៉េ​ប្រមាណ ៣០០ ​ក្រុមហ៊ុន​កំពុង​តែ​វិនិយោគ​នៅ​កម្ពុជា​​។

ចាប់ពីឆ្នាំ១៩៩៦ ដល់បច្ចុប្បន្ន កូរ៉េបានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ៤៣១លានដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបន្តថា ក្នុងក្របខណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ២០០០ ដល់បច្ចុប្បន្ន កូរ៉េបានផ្ដល់ឥណទានសម្បទានសរុបប្រមាណ ១,២១១លានដុល្លារ ក្នុងកម្មវិធីអភិវឌ្ឍន៍ចំនួន ២៦គម្រោង ដែលសុទ្ធសឹងជាគម្រោងអាទិភាព ក្នុងការផ្ដល់ឥណទានសមប្បទានរបស់ខ្លួន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)