Register Already an agent ? Login

សម្ដេចតេជោ៖ កម្ពុជា បានផលិតមាសបានជាង ២,២៧៥គីឡូក្រាម រយៈពេល ៩ខែកន្លងទៅនេះ

ភ្នំពេញ៖ នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រាន់តែរយៈពេលប្រមាណ ៩ខែកន្លងមកនេះ ក្រុមហ៊ុន អូស្ត្រាលី បានរុករកមាសនៅខេត្តមណ្ឌលគិរី បានចំនួនជាង ២,២៧៥គីឡូក្រាម។

នៅក្នុងពិធីខាងលើ សម្ដេចតេជោ បានថ្លែងបន្តថា ពោលគឺក្នុងចំណោមមាសជាង ២,២៧៥គីឡូក្រាមនោះ អាចច្នៃចេញបានជាមាសទឹក ១០ថែមទៀតផង។ «ការប្រើប្រាស់ធនធានធម្មជាតិរបស់កម្ពុជា គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ខណៈប្រទេសមួយចំនួនទៀត ក៏បាននឹងកំពុងប្រើប្រាស់ធនធានធម្មជាតិនេះដូចគ្នាផងដែរ»។ បើតាមការបញ្ជាក់របស់ ប្រមុខរាជរដ្ឋាភិបាល។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា ការបូមប្រេងរបស់កម្ពុជានៅសមុទ្រនោះគឺមានបញ្ហា ហើយមានការលួចប្រេងរបស់កម្ពុជាទៅទៀត។ សម្តេចបន្តថា ប៉ុន្តែកម្ពុជាបែរជាមកកាក់កប់នឹងការជីករ៉ែមាសទៅវិញ។ ជាក់ស្តែង នៅក្នុងរយៈពេល ៩ខែមកនេះ កម្ពុជាទទួលបានមាសចំនួនជាង ២,២៧៥គីឡូក្រាម។

សូមរម្លឹកថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត របស់ប្រទេសអូស្ត្រាលី ទទួលបានអាជ្ញាបណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបានជាង ៣តោនក្នុង១ឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍរ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រោងចក្រនេះ បានដាក់សម្ពោធឱ្យដំណើរការជាផ្លូវ កាលពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១។

ក្រុមហ៊ុននេះ បានផលិតដុំមាស (ដំណាក់កាលទី១) ដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ នឹងយកទៅបន្សុទ្ធបន្ថែមទៀត នៅរោងចក្របន្សុទ្ធមាសនាប្រទេសអូស្ត្រាលី (ដំណាក់កាលទី២) ដើម្បីផលិតបាន​ជាមាស​ទឹក ៩៩%។ នេះជាសិមិទ្ធផល និងជាប្រភពចំណូលថ្មីមួយបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែក​យ៉ាងសំខាន់ ​ក្នុងការ​បង្កើនចំណូលរដ្ឋ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)