Register Already an agent ? Login

រូបសំណាក «ព្រះថោងនាងនាគ» ធ្វើពីស្ពាន់កម្ពស់ ២១ម៉ែត្រ រចនាដោយស្ថាបត្យករខ្មែរ ផលិតនៅចិនមកដល់ខេត្តព្រះសីហនុហើយ

ព្រះសីហនុ៖  រូបសំណាក «ព្រះថោងនាងនាគ» ដែលជារចនាស្ថាបត្យកម្មខ្មែរ ផលិតនៅប្រទេសចិន ​ធ្វើ​ពី​ស្ពាន់​មាន​ទម្ងន់ ៦០តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​មកុដ ២១ម៉ែត្រ មាន​អង្កត់ផ្ចិត ៩៩​ម៉ែត្រ ដាក់​លើ​បល្ល័ង្ក​កម្ពស់​ជាង ៦.៣៤ម៉ែត្រ បានដឹកមកដល់ខេត្តព្រះសីហនុ នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ ខណៈ ក្រុមជាងកំពុងដំឡើង នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាង ស្រុក​ព្រៃនប់ ដោយ​រូបសំណាក​នេះ​ឈរ​បែរ​ព្រះភក្ត្រ​ឆ្ពោះទៅ​សមុទ្រ​រាម​។

រូបសំណាកព្រះថោងនាងនាគ បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ដែលជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។ រូបសំណាក​នេះ​ធ្វើឡើង​ដោយ​ចំណាយ​ថវិកាជាតិ ហើយ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ទាំង​ ៣៤​ខ្សែ ដែល​ដឹកនាំ​ស្ថាបនា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។

រូបសំណាក «ព្រះថោងនាងនាគ» នេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូល «ព្រះថោងនាងនាគ» បន្ទាប់ពីរូបសំណាកបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខបី ដែលនៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

រូបសំណាក «ព្រះថោងនាងនាគ» បន្ទាប់លើកដាក់រួច នឹងបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)