Register Already an agent ? Login

កូរ៉េខាងត្បូង ផ្ដល់ជំនួយ ១៦លានដុល្លារ សាងសង់អគារមន្ទីរពេទ្យថ្មីមួយមានកម្ពស់ ១៥ជាន់ ក្នុងមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្ដល់ចំនួយទឹកប្រាក់ចំនួន ១៦លានដុល្លារ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីសាងសង់អគារមន្ទីពេទ្យថ្មីមួយ នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារកម្ពុជា។

លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានថ្លែងឱ្យដឹងថា តាមគម្រោង អគារថ្មីនេះនឹងមានទំហំជាង ៨,៣០០ម៉ែត្រការ៉េ ដែលប្រើសម្រាប់ផ្ដល់សេវាកម្មវេជ្ជសាស្រ្តលើផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេស។

ក្នុងអគារថ្មីនេះ នឹងអាចដាក់គ្រែបានចំនួន ១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗផងដែរ។ បើតាមការថ្លែងបន្តរបស់ លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស។

លោក បានបន្ថែមឱ្យដឹងថា អគារនេះ នឹងមានអាហារដ្ឋាន កន្លែងក្មេងលេង និងសេវាវេជ្ជសាស្រ្តថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីសឹមជាដើម។

បើតាម នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងឱ្យដឹងទៀតថា គម្រោងនេះអាចនឹងចាប់ផ្តើមនៅក្នុងរង្វង់ឆ្នាំ២០២៣ ខាងមុខ ដោយប្រើរយៈពេលការសាងសង់ ៣ឆ្នាំ។ គម្រោងនេះនឹងក្លាយជា អគារទី២ដែលរដ្ឋាភិបាលកូរ៉េ ជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ បច្ចុប្បន្ន អគារទី១ ដែលមានកម្ពស់ ៣ជាន់ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការរួចហើយ កាលពីឆ្នាំ២០១៨ កន្លងមក។

គូសបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានជួយសាងសង់អគារមន្ទីរពេទ្យនៅកម្ពុជាជាបន្តបន្ទាប់ ដោយនៅក្នុងនោះ មានអគារមណ្ឌលសុខភាព នៅខេត្តរតនគិរី និង មណ្ឌលគិរី ហើយថ្មីៗនេះ គឺទើបតែសម្ពោធអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដែលមានតម្លៃ៨លានដុល្លារអាមេរិក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)