Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ ផ្លូវជាតិ៣ កំណាត់ប្រវែង២០គ.ម ត្រូវការថវិកា ៧០លានដុល្លារ ដើម្បីធ្វើឱ្យរឹងមាំបានយូរ

កំពត៖ ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤.៣គីឡូម៉ែត្រ ក្នុងនោះកំណាត់ផ្លូវ ២០គីឡូម៉ែត្រ មានដីស្អុយ ដោយបែងចែកជាពីរកំណាត់គឺកំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ និងកំណាត់ ១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង ២៦សង់ទីមែត្រ លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ ដូច្នេះ ត្រូវការថវិកាពី៦០ ទៅ៧០លានដុល្លារ។

ការថ្លែងខាងលើរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះពិនិត្យមើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ប្រវែង ២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងសរុប ៥៤គីឡូម៉ែត្រ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

លោកស៊ុន ចាន់ថុល បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន លោកបានស្នើសុំឱ្យមិត្តចិន ជួយជាប្រាក់កម្ចីសប្បទាន មកសាងសង់ផ្លូវ ២០គីឡូម៉ែត្រនេះ ហើយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតជាលាយលក្ខអក្សរទៅស្ថានទូតចិនហើយផងដែរ ដើម្បីស្នើសុំថវិកានេះជាផ្លូវការ ដូច្នេះយើងរង់ចាំថវិកាជាប្រាក់កម្ចីពីមិត្តចិន ដើម្បីយើងយកមកសាងសង់នៅទីនេះ។

ទន្ទឹមនឹង​ការរង់ចាំ​នេះ ក្រសួង​ក៏​មិន​ព្រងើយ​កន្តើយ ចំពោះ​ផ្លូវ​នេះដែរ ខណៈ​ក្រសួង​កំពុង​រក​ប្រភព​ថវិកា​ដើម្បី​ជួសជុល​ផ្លូវ​នេះ​ឱ្យ​ប្រសើរ​ឡើងជា​បណ្តោះអាសន្ន និង​ស្នើសុំ​ការយោគយល់​ពី​អ្នកដំណើរ​ផងដែរ​។ បើតាមការថ្លែងបន្តទៀតរបស់ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ប៉ុន្តែ​ មុននឹង​ទទួល​ថវិកា​នេះផ្លូវ​ខូចសម្បុក​មាន់​ច្រើន ដែលមាន​ការលំបាក​វេទនា​ក្នុង​ការធ្វើ​ដំណើរ ជាពិសេស​ពេល​រដូវភ្លៀង ហើយ​ឥឡូវនេះ ផ្លូវជាតិ​លេខ​៤ កំពុងតែ​ពង្រីក អ៊ីចឹង​មាន​ការកកស្ទះ ហើយ​មានការ​បង្វែរ​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​លេខ​៣​សិន កុំឱ្យ​កំណើន​ការធ្វើ​ចរាចរណ៍ផ្លូវ​កំពត វាលរេញច្រើន។

លោក រដ្ឋមន្រ្តីបានបន្ថែមទៀតថា តាម​ការសិក្សា ដើម្បី​ធ្វើ​ផ្លូវ​ប្រវែង​ ២០​គីឡូម៉ែត្រ ​នេះ​ឱ្យបាន​រឹងមាំ និង​ស្របតាម​បច្ចេកទេស​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ពី៦០ ​ទៅ ៧០លាន​ដុល្លារ​​។ ផ្លូវ ២០​គីឡូម៉ែត្រ​នេះ មាន​បញ្ហា​ច្រើនណាស់ ធ្វើ​មិនដែល​បាន​ជាប់​ទេ​តាំងពីដើម​មក​ដោយសារ​ផ្លូវ​នេះ​មិនបាន​សិក្សា​ឱ្យបាន​ល្អិតល្អន់​ឱ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស​ព្រោះ​នៅ​តំបន់​នោះ​មាន​ដី​ស្អុយ​ខាងក្រោម​រហូតដល់ ១៨​ម៉ែត្រ​។

ផ្លូវ​នេះ ធ្លាប់​បានធ្វើ ៤​ដង​រួចមកហើយ ប៉ុន្តែ​នាពេលនោះ​មិនបាន​សិក្សា​នៅ​តំបន់​ភូមិសាស្ត្រ​ឱ្យបាន​ត្រឹមត្រូវ ខណៈ​ថវិកា​សាងសង់​ផ្លូវ​ពេលនោះ មាន​ចំនួន​ប្រមាណ​ជិត ២០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ បើតាមការបន្ថែមទៀតរបស់ លោក ស៊ុន ចាន់ថុល កន្លងមកមិនត្រឹមតែ ធនាគារពិភពលោកបានផ្តល់ថវិកា ៨លានដុល្លា មកកាន់កម្ពុជាក្នុងការសាងសង់ផ្លូវជាតិប្រវែង៥៤គីឡូម៉ែត្រនេះ ថែទាំរយៈពេលបីឆ្នាំនិងជុសជុល ចំណាយថវិកាច្រើនលានដុល្លាទៀត តែនៅតែមិនជាប់។ លោកថា ក្រុមហ៊ុនកូរ៉េបានមកសាងសង់ម្តង ក្រុមហ៊ុនកម្ពុជាធ្វើម្តងហើយដែរ ធនាគារពិភពលោកមកម្តងទៀតនៅមិនជាប់ទៀត ដោយសារកន្លងមកមិនមានការសិក្សាច្បាស់លាស់ ទាក់ទងនឹងបញ្ហាដីតាមបណ្តោយផ្លូវនេះ។

លោក រដ្ឋមន្រ្តីបានលើ ឡើងថា ជាក់ស្ដែង ក្រសួងបានឯកភាពជាមួយនឹងក្រុមហ៊ុន CRBC រួចហើយ។ ក្រុមហ៊ុនក៏បានសិក្សារួចហើយដែរ ដែលនឹងប្រើវិធីសាស្រ្ដវាយសសរគ្រឹះ ជម្រៅ១៨ ម៉ែត្រ ក្នុងដីភក់ស្អុយនោះ ដោយបែកចែកជា ២កំណាត់ ក្នុងនោះ៖ កំណាត់ ៥ គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង ២៦សង់ទីមែត្រ លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)