Register Already an agent ? Login

គម្រោងស្ដារកំណាត់ផ្លូវជាតិលេខ៣ សរុប៥៤គ.ម ដែល២០គ.ម ត្រូវការបច្ចេសខ្ពស់ដើម្បីឱ្យមានភាពរឹងមាំយូរអង្វែង

កំពត៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ឱ្យដឹងថា ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤.៣ គីឡូម៉ែត្រ ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកា ស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤គីឡូម៉ែត្ររួចហើយ ប៉ុន្តែកំណាត់ផ្លូវ ២០គីឡូម៉ែត្រផ្សេងទៀតមានបញ្ហាច្រើនណាស់ ធ្វើមិនបានជាប់ទេ ធ្វើខូចរហូតតាំងពីយូរណាស់មកហើយ ធ្វើមិនដែលបានជាប់រឹងមាំទេ។

ការថ្លែងបញ្ជាក់បែបនេះរបស់ លោក ស៊ុន ចាន់ នាពេលដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងចុះពិនិត្យមើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ប្រវែង ២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងសរុប ៥៤គីឡូម៉ែត្រ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

លោក រដ្ឋមន្រ្តីបានថ្លែង ពីលក្ខណៈបច្ចេកទេសក្នុងការធ្វើផ្លូវនេះឱ្យបានរឹងមាំនៅតំបន់ដែលមានដីស្អុយពោលគឺ កំណាត់ផ្លូវ២០គីឡូម៉ែត្រនេះ ត្រូវបែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់ ៥ គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ ជម្រៅ ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង ២៦សង់ទីមែត្រ លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ។

លោក ស៊ុន ចាន់ថុល បានថ្លែងបន្តទៀតថា ក្រសួងបានឯកភាពជាមួយ នឹងក្រុមហ៊ុន CRBC រួចហើយលើការសាងសង់កំណាត់ផ្លូវនេះទៅតាមលក្ខណៈបច្ចេកទេស ហើយបច្ចុប្បន្នក្រសួងកំពុងរង់ចាំថវិកាដែលបានស្នើសុំទៅមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវនេះតាមលក្ខណៈបច្ចេកទេស។ លោក បានបន្ថែមថា ប៉ុន្តែមុននឹងក្រសួងទទួលបានថវិកាធ្វើកំណាត់ផ្លូវនេះ ផ្លូវខូចអស់ហើយសំបុកមាន់ច្រើន ពិបាកធ្វើដំណើរយឺតយ៉ាវពេលវេលា ជាពិសេសពេលរដូវភ្លៀង ស្របពេលដែលផ្លូវជាតិលេខ៤ កំពុងតែពង្រីកធ្វើឱ្យមានការកកស្ទះ នាំឱ្យមានការបង្វែរទិសចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣  នាំឱ្យចរាចរណ៍កាន់តែច្រើនឡើងៗ។

ដើម្បីដោះស្រាយបញ្ហាកំណាត់ផ្លូវ ២០គីឡូម៉ែត្រនេះ ក្នុងកាលៈទេសៈចំពោះមុខនេះ លោក រដ្ឋមន្ត្រី បានបន្ថែមទៀត ក្រសួងកំពុងតែខិតខំប្រឹងប្រែងស្វែងរកប្រភពថវិកាក្នុងការស្តារកំណាត់ផ្លូវនេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍របស់ ប្រជាពលរដ្ឋ និងការដឹកជញ្ជូនឱ្យបានរលូនជាងមុនជាបណ្ដោះអាសន្ន រហូតទាល់តែក្រសួងទទួលបានថវិកាសម្រាប់សាងសង់កំណាត់ផ្លូវនេះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ជាប់យូរអង្វែង។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានស្នើសុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ ចំពោះការបង្កឱ្យមានការលំបាកក្នុងការធ្វើដំណើរយឺតយ៉ាវពេលវេលា និងបានសំណូមពរសុំកុំឱ្យមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលនាំឱ្យផ្លូវកាន់តែមានសភាពខូចកាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)