Register Already an agent ? Login

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត នឹងបញ្ចប់ជាស្ថាពរសល់តែ ៦% ទៀតប៉ុណ្ណោះ

កំពត៖ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វឌ្ឍនភាពគម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតការងារសម្រេចបាន ៩៣.៤១% ហើយ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បើតាម លោក ស៊ុន ចាន់ថុល បានដឹកនាំមន្រ្តីបច្ចេកទេសក្រោមឱវាទ ចុះពិនិត្យការដ្ឋានសាងសង់នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីតាងខាងលើថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពត ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ហិកតា មានជម្រៅ ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត១០លានដុល្លារ។

លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា កត្តាសន្តិភាព ដែលជាឱកាសមកជួបជុំគ្នាកសាងកំពង់ផែ កសាងផ្លូវ ស្ពាន សាលា រៀន មន្ទីរពេទ្យ វត្តអារាម ប្រឡាយទឹក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត។ លោក ស៊ុន ចាន់ថុល បានបន្ថែមថា ដូច្នេះដើម្បីអភិវឌ្ឍប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែមានការរីកចម្រើន យើងត្រូវថែរក្សាសុខសន្តិភាព ដើម្បីរាជរដ្ឋាភិបាលអាចបន្តការកសាងប្រទេសជាតិមាតុភូមិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋថែមទៀត។

បើតាមរបាយការណ៍ កំពង់ផែនេះមានបណ្តោយ ៣០០ម៉ែត្រ និងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី ៣០០ ទៅ៤០០នាក់ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វឌ្ឍនភាពការងារសាងសង់ សម្រេចបាន ៩៣.៤១%ហើយគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ 

ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និងវៀតណាមចូលមកកាន់កម្ពុជា ជាកំពង់ផែសម្រាប់អ្នកដំណើរមិនមែនជាកំពង់ផែទំនិញឡើយ។

ជាងនេះទៅទៀត កំពង់ផែនេះចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះផងដែរ កំពង់ផែនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ។ ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រងដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។

បន្ថែមពីលើនេះ កំពង់ផែនេះជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភព លោក។ តាមរយៈកំពង់ផែនេះនឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)