Register Already an agent ? Login

វឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី សម្រេចបាន ២៤គាគរយហើយ

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដែលចំណាយទុនវិនិយោគចំនួនប្រមាណ ៨៨០លានដុល្លារ ដែលបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយប្រើរយៈពេលរយៈពេលសាងសង់សរុបចំនួន ៣៦ខែ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្រេចបាន ២៤ភាគរយហើយ។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងឱ្យដឹងថា តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។

លោក បានថ្លែងបន្តថា បច្ចុប្បន្ន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តំបន់ប្រតិបត្តិការអាកាសសម្រេចបាន ២៤ភាគរយ នៃបរិមាណការងារសរុប ក្នុងនោះមាន៖ សំណង់ផ្លូវរត់ ផ្លូវបរចំណតអាកាសយាន-ឧទ្ធម្ភាគចក្រ សំណង់ប្រព័ន្ធលូបញ្ជៀសទឹក សំណង់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវរត់ផ្លូវបរ ចំណតអាកាសយាន-ឧទ្ធម្ភាគចក្រ និងប្រព័ន្ធភ្លើងនាំផ្លូវយន្តហោះសំណង់ប្រព័ន្ធឧបករណ៍នាំផ្លូវ និងប្រព័ន្ធចុះចតយន្តហោះសំណង់ផ្លូវ និងច្រករបៀងពាក់ព័ន្ធផ្សេងៗ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតំបន់ប្រតិបត្តិការទូទៅ និងស្ថានីយសម្រេចបានជិត ២០ភាគរយផងដែរ។

បើតាមអ្នកនាំពាក្យដដែល បានបន្តថា បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់នៅឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ នឹងមានសមត្ថភាពទទួលបានយន្តហោះរហូតដល់កូដអ៊ី (4E) ដែលមានចំនួន ៣៨ចំណត ទទួលអ្នកដំណើរបាន ៧លាននាក់ ក្នុង១ឆ្នាំ និងទំនិញតាមផ្លូវអាកាស ១០,០០០តោនក្នុងឆ្នាំ។

គួរម្លឹកថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មីនេះ នឹងអាចមានសមត្ថភាពទទួលយន្តហោះធុនធំ ដែលមកពីចម្ងាយមកចុះចត នៅក្នុងខេត្តសៀមរាបតែម្តង។ សម្ដេច បានបន្តថា បច្ចុប្បន្នព្រលានយន្តហោះនេះ អាចទទួលការចុះចតយន្តហោះ បានតែប្រភេទធុនតូចតែប៉ុណ្ណោះ មិនអាចទទួលបានយន្តហោះធុនធំនោះទេ។

គូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិតលំដាប់ថ្នាក់ 4E ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧០០.០៦ហិកតា។

នាពេលខាងមុខ ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះថ្មីនេះ ក៏នឹងមានការកសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន» ដែលមានដីបម្រុងប្រមាណ១០០០ហិកតា និងការអភិវឌ្ឍផ្លូវល្បឿនលឿន ដែលតភ្ជាប់ត្រង់ពីទីរួមខេត្តសៀមរាប ទៅកាន់អាកាសយានដ្ឋាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)