Register Already an agent ? Login

កំណាត់ផ្លូវវាងក្រុងខេត្តព្រះសីហនុលេខ១៤៦បេ និងលេខ១៤៨ ប្រវែងសរុបជាង៤៣គ.ម នៅសល់១៥%នឹងបញ្ចប់ជាស្ថាពរ

ព្រះសីហនុ៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសម្ដេចសង្ឃរាជទេពវង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣.០២៥គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅសល់ប្រមាណ​ ១៥% ទៀតនឹងត្រូវបញ្ចប់ហើយ បច្ចុប្បន្នបានសម្រេច ៨៥%។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៨៥% ហើយគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។

កំណាត់ផ្លូវនេះ សាងសង់ដោយចាក់បេតុងកៅស៊ូ (AC) មានទទឹង ១១ម៉ែត្រ កម្រាស់ ៩សង់ទីម៉ែត្រ និងចិញ្ចើមគ្រួសក្រហម ០.៥០ម៉ែត្រសងខាងផ្លូវ ចាប់ពីរង្វង់មូលសម្ដេចសង្ឃរាជទេពវង្ស PK០+០០០ ដល់PK២០+៦៧៨ ប្រវែង២០.៦៧៨គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកទទឹង ១១ម៉ែត្រកម្រាស់ ២៦សង់ទីម៉ែត្រ មានប្រវែង ២២.៣៤៧គីឡូម៉ែត្រ និងចិញ្ចើមគ្រួសក្រហម ០.៥០ម៉ែត្រ សងខាងចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០.២៥។

កំណាត់ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូននៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាយពេលសាងសង់ចំនួន ២៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ។

កំណាត់ផ្លូវនេះ គឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់ប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាប្រជាពលរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័សនិងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ។

របាយការណ៍ខាងលើបានផ្ដល់ជូន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱាកាស លោក បានដឹកនាំមន្រ្តីបច្ចេកទេសក្រោមឱវាទត្រួតពិនិត្យកំណាត់ផ្លូវខាងលើកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងការពង្រឹងគុណភាពលើការងារសាងសង់។

នៅក្នុងដំណើរចុះពិនិត្យគុណភាពកំណាត់ផ្លូវនេះ លោក រដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសជំនាញចុះធ្វើតេស្តគុណភាពស្រទាប់ផ្លូវ ថាតើវាមានគុណភាពជាប់រឹងមាំកម្រិតណា ដោយប្រើប្រាស់បច្ចេកទេសម៉ាស៊ីនចល័តប្រភេទ FWD ដែលជាម៉ាស៊ីនធ្វើតេស្តគុណភាពផ្លូវ គ្រប់គ្រងដោយក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសពិសេសរបស់ក្រសួង។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រសួងបានបញ្ជាទិញឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវដែលប្រើបច្ចេកវិទ្យាទំនើបពីសហរដ្ឋអាមេរិកចំនួនពីរគ្រឿង ដើម្បីធានាឱ្យការសាងសង់ផ្លូវនៅកម្ពុជាមានគុណភាពរឹងមាំជាប់បានយូរ អង្វែង។

ឱកាសចុះពិនិត្យផ្លូវនេះ លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនសូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដើម្បីជួយថែរក្សាផ្លូវថ្នល់របស់ជាតិឱ្យបានគង់វង្ស ប្រើប្រាស់ជាប់បានយូរអង្វែង និងកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាលដែលរកបានដោយលំបាក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)