Register Already an agent ? Login

ប្រព័ន្ធទឹកស្អាតសហគមន៍រាំងខ្វាវជំនួយជប៉ុនជាង ១០ម៉ឺនដុល្លារ ក្នុងខេត្តពោធិ៍សាត់ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ពោធិ៍សាត់៖ ប្រព័ន្ធទឹកស្អាត សហគមន៍រាំងខ្វាវ ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ ក្រោមជំនួយឥតសំណង របស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ(KUSANONE) តាមរយៈអង្គការជីវិតថ្លៃថ្នូរ ស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក KURIBAYASHI Takanori លេខាធិការនៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទឹកស្អាតសហគមន៍រាំងខ្វាវ។

លោក KURIBAYASHI Takanori បានថ្លែងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យប្រជាជននៅក្នុងភូមិទទួលបានទឹកស្អាតប្រើប្រាស់ បានកាន់តែប្រសើរជាងមុន ដែលនឹងជួយកែលម្អស្ថានភាពសុខភាពរបស់ពួកគាត់។ ហើយយើងរំពឹងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងត្រូវបានថែរក្សាបានយ៉ាងល្អ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ រួមទាំងសិស្សានុសិស្ស អាចបរិភោគទឹកដែលមានសុវត្ថិភាព និងបង្កើតចំណេះដឹងរបស់ពួកគេអំពីអនាម័យ។

លោក Takanori បានថ្លែងបន្តថា សង្ឃឹមយ៉ាងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងក្លាយជានិមិត្តរូប នៃចំណងមិត្តភាពរវាងប្រទេស ជប៉ុន-កម្ពុជា និងពង្រឹងទំនាក់ទំនងរបស់ប្រជាជន នៃប្រទេសទាំងពីរបន្ថែមទៀត។

លោក ជាវ តាយ បានសម្តែងនូវមោទនភាព និងសប្បាយរីករាយក្រៃលែង នៅពេលឃើញប្រជាពលរដ្ឋភូមិក្សេត្របូរី ដែលទទួលបានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមួយនេះ សម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍ កាត់បន្ថយពេលវេលាទៅរែកទឹក ដងទឹក និងដឹកទឹកពីឆ្ងាយមកប្រើប្រាស់ ជាពិសេសក្មួយៗសិស្សានុសិស្សចំណេញពេលវេលាក្នុងការសិក្សា ដែលកាលពីមុនពួកគេរវល់ច្រើន ក្នុងការដឹកជញ្ជូនទឹកមកប្រើប្រាស់។

លោក ​អភិបាលខេត្ត បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានផ្តល់ជំនួយ តាមរយៈអង្គការជីវិតថ្លៃថ្នូរ គាំទ្រដល់ការសាងសង់នូវប្រព័ន្ធទឹកស្អាតជនបទ នៅតំបន់រាំងខ្វាវយើងនេះ ដែលប្រើប្រាស់ថវិកាសាងសង់ ប្រមាណជាង១០ម៉ឺនដុល្លារ។

លោក ជាវ តាយ បានថ្លែងថា ជាការពិតណាស់ថា អង្គការជីវិតថ្លៃថ្នូរ គឺជាដៃគូអភិវឌ្ឍន៍ដ៏ល្អ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងអភិវឌ្ឍន៍យ៉ាងច្រើនវិស័យនាពេលកន្លងមក។ លោក បានស្នើដល់រដ្ឋបាលស្រុកភ្នំក្រវាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត សូមបន្តផ្តល់នូវការសហការយ៉ាងល្អ ជាមួយអង្គការជីវិតថ្លៃថ្នូរ ក៏ដូចជាដៃអភិវឌ្ឍន៍នានា ដើម្បីទទួលបានសមិទ្ធផលជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)