Register Already an agent ? Login

សម្ដេចតេជោ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ គណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកផ្លូវខាងលើ កាលពីថ្ងៃទីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សមាជិកសមាជិកានៃអនុគណៈកម្មការត្រៀមរៀបចំ និងក្រុមកាងារបច្ចេកទេសពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសសមាសភាពសមាជិក​ សមាជិកាគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលដំណើរការប្រព្រឹត្តទៅនៃពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះ លោក សួង ហេង បានណែនាំឱ្យសមាជិកសមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការត្រៀមរៀបចំពិធីសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ អនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានល្អ សំដៅធានាឱ្យពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប អាចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។

សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាបថ្មី លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយរបស់សម្តេចតេជោ​ ដែលផ្តល់ឱ្យខេត្តសៀមរា បច្ចុប្បន្ន បានសាងសង់រួចរាល់ ១០០ភាគរយហើយ ប៉ុន្តែនៅសល់តែបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារផ្សេងទៀត។

សមិទ្ធផលផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះមានប្រវែងសរុប ១០៦.៤២គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបចំនួន១៥០លានដុល្លារ។ ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្ដេចតេជោ ហ៊ុន សែន។

ផ្លូវទាំងនេះ ក៏មានបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ដំឡើងភ្លើងសញ្ញាចរាចរណ៍ និងដាំដើមឈើជាង៣ពាន់ដើមផងដែរ។ ត្រង់ផ្លូវទាំង ៣៨ខ្សែ មានរៀបចំជាផ្លូវកង់ផងដែរ។​ ចាប់ពីមុខសណ្ឋាគារអាម៉ាន់សារ៉ា រហូតដល់ជិតផ្សារលើធំថ្មី។ ក្រៅពីនេះ​ខេត្តសៀមរាបក៏មានផ្លូវកង់ចំនួន២៣គីឡូម៉ែត្រទៀតផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ បានប្រើប្រាស់ថវិកាប្រកបដោយភាពវ័យឆ្លាត និងបត់បែនក្នុងការជ្រើសរើសផ្លូវអាទិភាព ធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធនេះមានលក្ខណៈប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ និងមានទំហំផ្លូវស្របតាមភូមិសាស្ត្រ មានផ្លូវសម្រាប់គ្រប់មធ្យោបាយ រួមទាំងថ្មើរជើង មានគុណភាពរឹងមាំ និងរចនាឱ្យមានសោភ័ណភាពទាក់ទាញបំផុតផងដែរ។

កន្លងមក លោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសធ្វើការសិក្សាស្រាជ្រាវគម្រោងហេដ្ឋារចនាសម្ព័ន្ធផែនការមេ ៣៨ខ្សែនេះ ព្រមទាំងបានជ្រើសរើសប្លង់សម្រាប់កែលម្អផ្លូវវាងក្រុង និងផ្លូវមួយចំនួនទៀត ដើម្បីរំដោះការកកស្ទះចរាចរណ៍តាមបណ្តោយផ្លូវសំខាន់ៗ និងបានដាក់ស្នើគម្រោងថវិកាទៅរាជរដ្ឋាភិបាល ដែលបានបញ្ចេញកញ្ចប់ថវិកាក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនសំដៅកែប្រែមុខមាត់ថ្មី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)