
ភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានស្ថាបនារួចរាល់ ១០០ភាគរយហើយ នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយពីបានដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នកាលពីថ្ងៃទី១៩ ខែមីនានេះ។
ផ្អែកទៅតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា ៣ផ្នែកធំៗរួមមានគឺ៖

-ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន ៤.៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥.៥ម៉ែត្រ។
-ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ។
-ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង ៥.២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
បើតាមមន្ទីរដដែល បានឱ្យដឹងទៀតថា ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
មន្ទីរដដែលនេះ បានបន្ថែមថា ចំពោះល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨.៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥.២៥ម៉ែត្រ និងទំហំ ៥.៥ម៉ែត្រ។
សូមរម្លឹកថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) បានបើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាប្រមាណ ២២លានដុល្លារ។
គូសបញ្ជាក់ថា ស្ពាននេះនឹងមានអាយុកាល ១០០ឆ្នាំ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ៕

ដោយ៖ មឿន ឌីណា (Meoun Dyna)